(ភ្នំពេញ)៖ រោងចក្រកែច្នៃក្រដាសកាតុង និងរោងចក្រផលិតសម្ភារសម្រាប់ក្មេងលេង ក្រោមទុនវិនិយោគតម្លៃ៨លានដុល្លារអាមេរិក និងបង្កើតការងារថ្មីជូនប្រជាពលរដ្ឋបាន ៤២៣កន្លែង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឲ្យបើកដំណើរការ។

Facebook របស់ CDC បានផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះថា តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកែច្នៃក្រដាសកាតុង (ពីក្រដាសចាស់ៗប្រមូលទិញក្នុងស្រុក) និងផលិតកេសកាតុង របស់ក្រុមហ៊ុន «KAMFOR RECYCLE PULP AND PAPER CO.,LTD.» គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨២កន្លែង។

ជាមួយគ្នានេះ តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតសម្ភារសម្រាប់ក្មេងលេងគ្រប់ប្រភេទ របស់ក្រុមហ៊ុន «SUPERIOR INFLATABLES (CAMBODIA) CO.,LTD.» គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៤១កន្លែង៕