(កាណាដា)៖ ជាមោទនភាពជាតិ ដែលទង់ជាតិកម្ពុជា ត្រូវបានបង្ហូតជាផ្លូវការ នៅវិមានសភា ខេត្តអនតារីយ៉ូ ប្រទេសកាណាដា នៅម៉ោង១២៖០០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ក្នុងពិធីបង្ហូតទង់ជាតិ នៅក្នុងវិមានសភាពខេត្តអនតារីយ៉ូ ប្រទេសកាណាដានេះ ក៏មានការចូលរួមពីតំណាងស្ថានទូតកម្ពុជា កុងស៊ុលកិត្តិយសប្រចាំខេត្តអនតារីយ៉ូ មន្ត្រីអ្នកមុខអ្នកការ បងប្អូនប្រជាពលរដ្ឋខ្មែរ-កាណាដាជាច្រើនរូប ប្រកបដោយបរិយាកាសអធិកអធម និងមោទនភាពក្រៃលែង។

ពិធីនេះប្រារព្ធឡើងដោយមានការរៀបចំរបស់សមាគមន៍សិល្បៈវប្បធម៌កម្ពុជា-កាណាដា សមាគមន៍មានតុភូមិខ្មែរនៅកាណាដា និងកុងស៊ុលកិត្តិយសប្រចាំខេត្តអនតារីយ៉ូ ដឹកនាំដោយលោក ឆាត ឈួរ។

ក្នុងឱកាសដ៏សែនសប្បាយរីករាយនេះ លោកលោក Justin Trudau នាយករដ្ឋមន្ត្រីកាណាដា បានផ្ញើសារជូនពរ និងចូលរួមអបអរសាទរ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបង្ហូតទង់ជាតិជាផ្លូវការនេះផងដែរ ដោយក្នុងសារលិខិតបានបញ្ជាក់ថា លោកមានក្តីសោមនស្សរីករាយ និងសូមស្វាគមន៍ដល់សហគមន៍ខ្មែរ ដែលកំពុងរៀបចំពីបុណ្យចូលឆ្នាំថ្មី និងពិធីបង្ហូតទង់ជាតិនេះ និងសូមអរគុណដល់អ្នករៀបចំកម្មវិធីនេះឡើង ដែលបានជួយផ្សព្វផ្សាយពីកិត្តិនាមវប្បធម៌កម្ពុជា និងក្តីស្រលាញ់ស្រុកកំណើតក្នុងចំណោមបងប្អូនខ្មែរ-កាណាដា។

ចំណែកលោក Doug Ford រដ្ឋមន្ត្រីទី១ ខេត្តអនតារីយ៉ូវិញ ក៏បានផ្ញើសារលិខិតចូលរួមអបអរសាទរមួយច្បាប់ផងដែរ ដែលមានខ្លឹមសារស្រដៀងលោកនាយករដ្ឋមន្ត្រីដែរ គឺលោកមានសេចក្តីសោមនស្សរីករាយជាខ្លាំង និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសមាជិកនៃសហគមន៍ប្រជាជនកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ នេះជាឱកាសមួយសម្រាប់ការជួបជុំក្រុមគ្រួសារខ្មែរ ក៏ដូចជាការទទួលបានពរជ័យពីពិធីបុណ្យនេះ។

ខេត្តអនតារីយ៉ូ ពិតជាមានមោទនភាពណាស់ ដែលជាផ្ទះរបស់ប្រជាជនកាណាដា ជាមួយប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនខ្មែរដែលមានដើមកំណើតនៅទីនេះផ្ទាល់ ហើយបានដើរតួនាទីក្នុងវិស័យជាច្រើន នៃការខិតខំប្រឹងប្រែង ក៏ដូចជាការជួយបង្កើតខេត្តដ៏រឹងមាំ និងរុងរឿងមួយនេះ៕