(ភ្នំពេញ)៖ កុមារកម្ពុជាចំនួន៤រូបទៀត ដែលរស់នៅក្នុងស្រុកបាទី ខេត្តតាកែវ ទទួលបានការព្យាបាល និង វះកាត់ជំងឺបេះដូង ដោយឥតគិតថ្លៃ ពីមន្ទីរពេទ្យបេះដូង ខេត្តយូណាន ប្រទេសចិន ។ កុមារកម្ពុជាចំនួន៤រូបរួមមាន ទី១ឈ្មោះ កុមារា រិន ដាណេ អាយុ ១១ឆ្នាំ ទី ឈ្មោះ កុមារា លោ ឆាយយូ អាយុ ៥ឆ្នាំ ទី៣ ឈ្មោះ កុមារា ប៉ាស់ រតនៈ អាយុ ៨ឆ្នាំ និងទី៤ ឈ្មោះ កុមារី មៀង ស្រីឡឹង អាយុ១១ឆ្នាំ។

លោកវេជ្ជបណ្ឌិត DUO LIN ប្រធានផ្នែក កិច្ចការអន្តរជាតិរបស់មន្ទីរពេទ្យបេះដូងខេត្តយូណាន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ បានដឹកនាំគ្រូពេទ្យជនជាតិចិន ដែលមានជំនាញបេះដូង និងសរសៃឈាម និងជំនាញពិនិត្យអេកូបេះដូង មកសហការ ជាមួយគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា -ចិន (មន្ទីរពេទ្យលោកសង្ឃ ឬមន្ទីរពេទ្យព្រះកុសមៈ)ដើម្បីមកពិនិត្យតាមដាន វឌ្ឍនភាពស្ថានភាពជំងឺ របស់កុមារចំនួន៤រូប រស់នៅក្នុងស្រុកបាទី ខេត្តតាកែវ។

ការទទួលបានការព្យាបាលនេះ បានធ្វើឡើងតាមរយៈការចុះពិនិត្យសុខភាព ជូនកុមារចំនួន៦០២៨រូប ដែលកំពុងរស់នៅក្នុងស្រុកបាទី កាលពី ថ្ងៃទី៦ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨កន្លងមក នៅពេលនោះ ក្រុមគ្រូពេទ្យស្មគ្រចិត្តកម្ពុជា-ចិន របស់អង្គការ YUNDI បានរកឃើញថា មានកុមារចំនួន៤រូប ដែលសង្ស័យថា មានជំងឺបេះដូង ហើយត្រូវបានរដ្ឋបាលសាលាស្រុកបាទីដែលរួមមានការិយាល័យសុខាភិបាលប្រតិបត្តិស្រុកបាទី បានសហការជាមួយអង្គការ YUNDI ក្នុងការសម្របសម្រួលឱ្យកុមារទាំង៤រូបនេះ បានមកពិនិត្យ និងតាមដានវឌ្ឍនភាពសុខភាពនៅមន្ទីរពេទ្យមិត្តកម្ពុជា-ចិនព្រះកុសមៈ មុននឹងសម្រេចចិត្តយល់ព្រម បញ្ជូនទៅពិនិត្យ និងព្យាបាលដោយវះកាត់ឥតគិតថ្លៃ នៅមន្ទីរពេទ្យបេះដូង ខេត្តយូណាន។

លោកវេជ្ជបណ្ឌិត DUO LIN បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៧មក តាមរយៈអង្គការវិទ្យាស្ថានស្រាវជ្រាវឥរិយាបថ និងសុខភាពសិក្សា (YUNDI) បានសហការជាមួយមន្ទីរពេទ្យ អង្គការក្រៅរដ្ឋាភិបាលនានា នៅខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ និងរាជធានីភ្នំពេញ ដើម្បីស្វែងរកកុមារ ដែលមានជំងឺបេះដូង ហើយផ្តល់លទ្ធភាពបញ្ជូនកុមារទាំងនោះទៅវះកាត់និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបេះដូងខេត្តយូណាន។

លោក ភួន ឈីម អភិបាលស្រុកបាទី បានសាទរ នឹងកិច្ចជួយជ្រោមជ្រែង ពីសំណាក់ក្រុមគ្រូពេទ្យស្មគ្រចិត្ត របស់អង្គការ YUNDI និងមន្ទីរពេទ្យបេះដូង ខេត្តយូណាន ក្នុងការពិនិត្យលទ្ធភាពជួយព្យាបាលជំងឺបេះដូងពីកំណើត ដល់កុមារកម្ពុជា និយាយរួម ដល់កុមារដែលកំពុងរស់នៅក្នុងស្រុកបាទី។

លោក ភួន ឈីម រំពឹងថា មន្ទីរពេទ្យបេះដូង ខេត្តយូណាន នៅបន្តកិច្ចសហការនិងលើកទឹកចិត្តដល់ក្រុមការងារ គ្រូពេទ្យស្មគ្រចិត្តរបស់អង្គការ YUNDI ក្នុងការពិនិត្យស្វែងរកកុមារដែលមានជំងឺបេះដូងពីកំណើត ហើយសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការបញ្ជូនទៅព្យាបាលនៅខេត្តយូណាន។

គួរបញ្ជាក់ថា ចាប់ពីចុងឆ្នាំ២០១៧មក តាមរយៈបេសកកម្មការងាររបស់អង្គការ YUNDI មន្ទីរពេទ្យបេះដូង ខេត្តយូណាន បានផ្តល់ការវះកាត់ព្យាបាល យ៉ាងជោគជ័យដោយឥតគិតថ្លៃ ជូនដល់កុមារចំនួន២៩រូប នៅក្នុងខេត្តបាត់ដំបង។ លើសពីនេះ អង្គការ YUNDI បានស្វះស្វែងរកមូលនិធិ ដើម្បីចូលរួមជាមួយ អាជ្ញាធរក្រុងបាត់ដំបង ក្នុងការជួយសម្រួលទុក្ខលំបាកដល់គ្រួសាររបស់កុមារ ដែលទទួលបានការវះកាត់ និងព្យាបាលជំងឺបេះដូងផងដែរ៕