(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានធ្វើការបំភ្លឺ និងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់តាមបណ្ដាញសង្គមថា កម្លាំងនគរបាលស្រុកកំពង់សៀម បានប្រើប្រាស់អំពើហិង្សាទៅលើប្រជាពលរដ្ឋបណ្ដាលឲ្យរងរបួស។

លោកឧត្តមសេនីយ៍ទោ ឯម កុសល តាមរយៈអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ករណីនេះកម្លាំងនគរបាលរបស់លោកមិនបានប្រើប្រាស់អំពើហិង្សាដូចការចោទប្រកាន់ ដែលគ្មានមូលដ្ឋានច្បាស់លាស់នោះឡើយ។

លោកឧត្តមសេនីយ៍ស្នងការ បានអះអាងថា នេះកិច្ចប្រតិបត្តិការបង្ក្រាបករណី គំរាមកំហែង និងបង្កការអុកឡុក កន្លែងរាំធុងបាស់នៅចំណុចក្នុងបរិវេណវត្តខែលជ័យ ស្ថិតនៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ដោយឃាត់ខ្លួនឈ្មោះ ហាក់ សៀង ហាន ភេទប្រុស ស្ថិតក្នុងស្ថានភាពស្រវឹងស្រាហើយបានធ្វើការវាយប្រតាយប្រតបជាមួយកម្លាំងសមត្ថកិច្ច និងប្រជាការពារដែលមានភារៈកិច្ចការពារនៅទីនោះក្នុងពេលកិច្ចប្រតិបត្តិការចាប់ខ្លួន។

លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបន្ថែមថា រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ដោយមានសំណូមពរ និងការអង្វរកររបស់សាច់ញាតិ ព្រមទាំងម្តាយរបស់ឈ្មោះ ហាក់ សៀងហាន និងដោយមានសំណូមពរពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ឲ្យជួយសម្របសម្រួលធ្វើការអប់រំឈ្មោះ ហាក់ សៀងហាន នៅត្រឹមអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ។ បន្ទាប់មកលោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម បានសុំគោលការណ៍ពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បន្ទាប់ពីទទួលបានការអនុញ្ញាតលោកអធិការ បានធ្វើការអប់រំជនសង្ស័យ
ឈ្មោះ ហាក់ សៀងហាន នៅវេលាម៉ោង០៩៖១៥នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ឲ្យត្រឡប់ទៅមូលដ្ឋានវិញ។

ដូច្នេះចំពោះសារបង្ហោះតាមបណ្ដាញសង្គម គឺពុំមានការពិតនោះទេ ប៉ុន្តែក្នុងពេលកិច្ចប្រតិបត្តិការបង្ក្រាប គឺឈ្មោះ ហាក់ សៀងហាន មានសភាពស្រវឹងស្រា ហើយមានការតដៃប្រតាយប្រតប់ជាមួយសមត្ថកិច្ច និងកម្លាំងប្រជាការពារប៉ុណ្ណោះ ក្រៅពីនោះសមត្ថកិច្ចពុំបានវាយធ្វើទារុណកម្មណាមួយទៅលើឈ្មោះ ហាក់ សៀងហាន នោះទេ៕