(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ បានចេញសេចក្តីណែនាំឱ្យសិស្សយកទឹកស្អាត ពីផ្ទះបរិភោគទៅសាលារៀន និងចេះការពារខ្លួន ព្រោះកម្តៅថ្ងៃកើនឡើងខ្លាំង។ នេះបើយោងតាមសេចក្តីណែនាំដែល Fresh News ទទួលបាន។

យោងតាមសេចក្តីណែនាំស្តីពីការថែរក្សាសុខភាព និងការបង្ការជំងឺនានា ដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង នៅតាមគ្រឹះស្ថានសិក្សា បានឲ្យដឹងថា អាកាសធាតុមានកំដៅខ្លាំង អាចបង្កហានិភ័យដល់សុខភាពដូចជា ជំងឺបេះដូង ជំងឺសួតរលាកស្បែកឡើងក្រហម និងអាចបង្កជាជំងឺផ្សេងៗដូចជា ជំងឺរាគ ជំងឺកង្វះអាហារូបត្តម្ភ ឬក៏អាចមានបញ្ហាសុខភាពផ្លូវចិត្តជាដើម។

ដើម្បីថែរក្សាសុខភាព និងការបង្ការជំងឺនានា ក្រសួងអប់រំយុវជន និងកីឡា សូមណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន បុគ្គលិកអប់រំ និងអ្នកសិក្សា ឱ្យអនុវត្តនូវវិធានការដូចខាងក្រោម៖

* ត្រូវទទួលទានទឹក (ទឹកពុះ ទឹកបរិសុទ្ធ ទឹកចម្រោះ ទឹកស្អាត) ឱ្យបានញឹកញាប់ច្រើនជាងមុន និងកុំរង់ចាំដល់ពេលស្រេកទឹក
* ត្រូវណែនាំសិស្សឱ្យយកទឹកមកពីផ្ទះ (ទឹកដាំពុះ ទឹកសុទ្ធ ទឹកចម្រុះ ទឹកស្អាត)
* រក្សាទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងគ្របឱ្យជិត ដើម្បីបង្ការមូសខ្លាពងដាក់ដែលអាចបង្កជំងឺគ្រុនឈាម
* តាមដានព័ត៌មានអំពីអាកាសធាតុ ដើម្បីរៀបចំសកម្មភាពត្រឹមត្រូវ
* ត្រូវប្រកាន់ខ្ជាប់នូវក្បួនអនាម័យល្អ ហូបស្អាត ស្អាត រស់នៅស្អាត
* ត្រូវប្រើប្រាស់សម្លៀកបំពាក់សមរម្យ រលុង ស្តើង ស្រាល នឹងមានពណ៌ភ្លឺ (ស, លឿង បៃតងខ្ចី ។ល។)
* ចៀសវាងធ្វើលំហាត់ប្រាណនៅក្រោមកំដៅថ្ងៃខ្លាំង
* ត្រូវពាក់មួកការពារ ឬប្រើប្រាស់ឆ័ត្រ ក្នុងអំឡុងពេលធ្វើដំណើរ
* ត្រូវបើកទ្វារ បង្អួចនៃបន្ទប់រៀន ឱ្យបានស្រឡះល្អ
* ត្រូវចៀសវាង ពិសារកាហ្វេ និងគ្រឿងស្រវឹង
* ត្រូវណែនាំសិស្សឱ្យលេងក្នុងម្លប់ ឬនៅក្នុងបន្ទប់រៀន នៅពេលចេញលេង
* ត្រូវបន្តដាំ និងថែរក្សាដើមឈើដែលមានស្រាប់នៅក្នុងបរិវេណគ្រឹះស្ថាន ដើម្បីយកម្លប់ និងកាត់បន្ថយកំដៅ
* ត្រូវមានទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធក្នុងការផ្គត់ផ្គង់ទឹក សម្រាប់ផឹក និងទឹកសម្រាប់ប្រើប្រាស់នៅតាមគ្រឹះស្ថានសិក្សា
* ត្រូវអប់រំផ្សព្វផ្សាយវិធានការនេះ ដល់បុគ្គលិកអប់រំ និងអ្នកសិក្សាទាំងអស់បន្ទាន់។

បើតាមសេចក្តីជូនដំណឹងដដែល ក្នុងករណីមានជំងឺរាតត្បាត ឬហានិភ័យសុខភាព ដែលបណ្តាលមកពីការឡើងកំដៅសូមរាយការណ៍ និងស្វែងរកសេវាសុខភាពនៅជិតបំផុត តាមរយៈសមត្ថកិច្ចពាក់ព័ន្ធនៅតាមមូលដ្ឋានរបស់ខ្លួន ឬទំនាក់ទំនងទៅលេខ១១៥ ដើម្បីដោះស្រាយជាបន្ទាន់។ ជាមួយគ្នានេះ សូមអនុវត្តសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ស្តីពីការបង្ការជំងឺបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង៕