(កណ្ដាល)៖ សង្ក្រាន្តឆ្នាំ២០១៩ ព.ស ២៥៦២ ឈានចូល២៥៦៣ ជាពិសេសក្នុងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ឆ្នាំ២០១៩នេះ តំបន់អភិវឌ្ឍស្កាយលែន 7NG វិហ៊ារសួគ៌ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកំសាន្ត សរុបចំនួនជាង៣១ម៉ឺននាក់នាក់ កើនឡើងលើសឆ្នាំមុន។

បើតាមឧកញ៉ា ស្រី ចាន់ថន ប្រធានក្រុមហ៊ុន Skyland 7NG ឲ្យដឹងថា ឆ្នាំនេះភ្ញៀវទេសចរណ៍មានការកើនឡើង បើទោះបីអាកាសធាតុក្ដៅខ្លាំង និងមានការបង្កើតសង្ក្រាន្ត តាមតំបន់គោលដៅសំខាន់ៗមួយចំនួនទៀត នៅក្នុងក្រុង-ខេត្ត -ស្រុក -ភូមិ សាលារៀន ក្រុមហ៊ុននឹងតាមមន្ទីរមួយចំនួន ដើម្បីបង្កភាពសប្បាយរីករាយ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិ ជូនប្រជាពលរដ្ឋ។

ជាក់ស្ដែងចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកំសាន្តនៅតាមរមណីដ្ឋាន នៃខេត្តកណ្ដាល ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាឆ្នាំនេះ សរុបមានចំនួន ៣១៤.១២០នាក់កើនឡើង ជិត៥០% បើធៀបទៅនឹងឆ្នាំ២០១៨ កន្លងទៅ។

លោកឧកញ៉ា ស្រី ចាន់ថន បញ្ជាក់ថា ដើម្បីបង្កសប្បាយភាពដល់ប្រជាពលរដ្ឋទូទៅក៏ដូចជាភ្ញៀវបានទស្សនាកំសាន្ត មន្ទីរទេសចរណ៍ខេត្ត បានសហការណ៍ជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរៀបចំកម្មវិធី នៅតាមរមណីដ្ឋាន លេងល្បែងប្រជាប្រិយ ដូចជា ទាញព្រ័ត្រ ចោលឈូង លាក់កន្សែង បោះអង្គុញ លោតបាវ វាយក្អម និងរាំកំសាន្ត ជាដើម ដើម្បីបម្រើការសប្បាយជូនប្រជាពលរដ្ឋ ក្នុងន័យលើកកម្ពស់វប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ខ្មែរក្រោមម្លប់សន្តិភាពនៃការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕