(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ បានបញ្ចេញសារ មួយដោយក្រើនរំលឹកដល់ពលរដ្ឋខ្មែរគ្រប់រូប គួររំលឹក និងខិតខំព្យាយាមសិក្សាលើកកម្ពស់ប្រតិបត្តិនូវខ្លឹមសារបាវចនាវិមានឈ្នះឈ្នះទាំង៣ រួមមាន៖ «កតញ្ញូ សុខដុម និងការចូលរួម» នោះនឹងជួយដល់ការអភិវឌ្ឍន៍ជាតិសម័យថ្មីនេះកាន់តែរុងរឿង ក្សេមក្សាន្ត ស្ថិតស្ថេរជាក់ជាពុំខានឡើយ។

នៅលើ Facebook នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ ម​ន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិរូបនេះ បានបញ្ចេញទស្សនៈដូចខាងក្រោម៖

សាកល្បងនឹកគិតជ្រុងមួយពីប្រវត្តិសាស្ត្រដែលគួរចងចាំទាក់ទងនឹងថ្ងៃ១៨ មីនា ១៩៧០ និងថ្ងៃ ១៧ មេសា ១៩៧៥។

ក្នុងទិដ្ឋភាពនេះ យើងអាចប្រមូលផ្តុំលើភាព កតញ្ញូ គុណធម៌ យកមកបកស្រាយបានមួយចំនួន ដែលទាក់ទងនឹងព្រឹត្តិការណ៍ដែលមានជាប្រវត្តិសាស្ត្រ នោះគឺទំនាក់ទំនង និងការដឹកនាំនាទសវត្សរ៍ ឆ្នាំ១៩៦០ និង ១៩៧០។

ប្រវត្តិសាស្ត្របានផ្តល់នូវមេរៀនស្តីពីការដឹកនាំគ្រប់គ្រង ដែលបន្តិចម្តងៗ ដោយសម្តេចព្រះប្រមុខរដ្ឋ ព្រះបរមកោដ្ឋ បានទុកចិត្តជឿជាក់ទៅលើសេនាប្រមុខ លន់ នល់ ដោយបានពេញចិត្តលើកតម្កើង និងតម្លើងតួនាទីដឹកនាំមួយកម្រិតម្តងៗ រហូតដល់ធ្វើការតែងតាំងដោយរៀបចំកម្លាំង ដោយផ្តល់នូវភារកិច្ច និងការទុកចិត្តដឹកនាំរាជរដ្ឋាភិបាល និងមានបុណ្យស័ក្តិ មានទ្រព្យធន មានឋានៈ ព្រមទាំងមានបក្ខពួកជាច្រើន។

ការទុកចិត្ត និងការប្រគល់នូវភារកិច្ចជំនួសដឹកនាំប្រទេសជាដំណាក់ៗ រហូតដល់កម្លាំងប្រដាប់អាវុធ បានចេះតែកើនឡើងបានធ្វើឲ្យ លន់ នល់ មានឥទ្ធិពលកាន់តែខ្លាំងដល់កម្រិតមួយ ធ្វើការប្រៀបធៀបជាមួយអ្នកផ្តល់កំណើតឲ្យ។ ទន្ទឹមនឹងមានការហ៊ុព័ទ្ធ និងរួមរិតទៅដោយមជ្ឈដ្ឋាននៅជុំវិញបន្ថែមទៀត នោះកាន់តែធ្វើឱ្យបង្កើននូវឥទ្ធិពលរបស់ខ្លួន ប្រៀបផ្ទឹមជាមួយនឹងអ្នកដែលបានប្រគល់នូវជំនឿជឿទុកចិត្ត និងអំណាចឱ្យធ្វើការ។

ជាមួយនឹងការទទួលអំណាចចាត់ចែងដឹកនាំរាល់កិច្ចការទាំងអស់ នោះក៏មានការលូកដៃឈ្លានពានប្រើប្រាស់ពីខាងក្រៅ ដែលធ្វើឱ្យក្លាយជាតួអង្គមួយ​យ៉ាងសំខាន់ផងនោះ ធ្វើឱ្យបាត់បង់ ភាពកតញ្ញូដល់អ្នកដែលផ្តល់កំណើតឱ្យ ហើយឃ្លាតចាកឆ្ងាយអំពីគុណធម៌ និងសីលធម៌ ដែលជាមូលដ្ឋានគ្រឹះ នៃសុខដុមក្នុងសង្គម រហូតដល់មានកើតព្រឹត្តិការណ៍ ១៨ មីនា ១៩៧០ និងក្រោយមកនាំរហូតដល់ការកើតឡើងនូវព្រឹត្តិការណ៍ ១៧ មេសា ១៩៧៥ ជាបន្ត ដែលជាដំណាក់កាលមួយទៀត ធ្វើឱ្យប្រទេសជាតិ និងប្រជាជនលង់ទៅក្នុងគ្រោះ​ មហន្តរាយដែលគ្មានអ្វីប្រៀបផ្ទឹមជាប្រវត្តិសាស្ត្រ។

ប្រវត្តិសាស្ត្រដែលភាគច្រើនកំពុងនៅបានដឹង​ នៅក្នុងជីវិតរាល់ថ្ងៃនេះ គឺពិតជាមិនគួរឱ្យមានការភ្លេចភ្លាំង ហើយក៏ត្រូវសិក្សារៀនសូត្រចងចាំស្តីពីភាពកតញ្ញូ គុណធម៌ និងលើកកម្ពស់ទៅដល់ការ កសាងភាពសុខដុម ដើម្បីរួមចំណែកឱ្យបានគ្រប់គ្នាទៅក្នុងការចូលរួមកសាងសង្គមជាតិ។ ប្រការនេះជាបទពិសោធន៍មួយ ដែលអាចផ្តល់ឱ្យជាមេរៀនចាត់ចែង ដឹកនាំចំពោះការទុកចិត្ត ការតែងតាំង ការប្រគល់ភារកិច្ច គប្បីត្រូវពិនិត្យ និងរៀបចំឱ្យបានច្បាស់លាស់ដើម្បីកុំឱ្យក្លាយទៅជាសោកនាដកម្ម ដូចអ្វីដែលបានឆ្លងកាត់ក្នុងសង្គមកម្ពុជាកន្លងមកនេះ។

ទោះបីជាសង្គមកំពុងតែមានភាពរីកចម្រើន អភិវឌ្ឍ និងពោរពេញទៅដោយបច្ចេកវិទ្យាទំនើប តែមនុស្សនៅតែជាមនុស្ស ដែលមិនត្រូវភ្លេចអំពីកំណើត ហើយត្រូវពិចារណា មុនពេលដែលអាចកើតឡើងសោកនាដកម្ម ដែលពេល​នោះទោះបីមានវិប្បដិសារីសោកស្តាយយ៉ាងណា ក៏ពុំមានន័យអ្វីទៀតនោះទេ។ នេះជាអ្វីដែលត្រូវទាញយកពីប្រវត្តិសាស្ត្រ...។

គួររំលឹកនិងខិតខំព្យាយាមសិក្សាលើកកម្ពស់ប្រតិបត្តិនូវខ្លឹមសារបាវចនាវិមានឈ្នះ ឈ្នះទាំង៣ «កតញ្ញូ សុខដុម និងការចូលរួម» នោះនឹងជួយដល់ការអភិវឌ្ឋន៏ជាតិសម័យថ្មីនេះកាន់តែរុងរឿង ក្សេមក្សាន្ត ឋិតឋេរជាក់ជាពុំខាន៕