(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអរគុណដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ កងទ័ពឈរជើងការពារនៅតាមព្រំដែន រួមទាំងសិល្បករ សិល្បការិនី គណៈកម្មការរៀបចំបុណ្យជាតិ សមាគម អង្គការ ក្មួយៗយុវជន ក្រុមហ៊ុន និងម្ចាស់ឧត្ថម្ភ និងសប្បុរសជនទាំងអស់ ដែលបានរួមគ្នាចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងរៀបចំពិធីកម្សាន្តសប្បាយនានាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់តាមរយៈ Facebook នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះយ៉ាងដូច្នេះ «ខ្ញុំសូមអរគុណដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់ និងកងទ័ពដែលកំពុងឈរជើងការពារនៅតាមព្រំដែន រួមទាំងសិល្បករ សិល្បការិនី គណៈកម្មការរៀបចំបុណ្យជាតិ សមាគម អង្គការ ក្មួយៗយុវជន ក្រុមហ៊ុន និងម្ចាស់ឧបត្ថម្ភ និងសប្បុរជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភ ការពារ ថែរក្សាសុវត្ថិភាពសណ្តាប់ធ្នាប់ និង បានចូលរួមបង្កើតកម្មវិធីកំសាន្តសប្បាយជាច្រើន ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានកំសាន្តសប្បាយរីករាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ»

ច្បាស់ណាស់ទោះបីមានការចូលរួមទាំងអស់នេះយ៉ាងណាក្តី តែភាពសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះមិនអាចកើតមាននោះឡើយប្រសិនបើប្រទេសជាតិគ្មានសុខសន្តិភាពទេនោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមថែរក្សាការពារសន្តិភាពសម្រាប់ប្រទេសជាតិទាំងមូល។

ថ្ងៃទី១៨ ខែមេសា នេះ គឺជាថ្ងៃចុងក្រោយនៃការជិះរថយន្តក្រុងសាធារណៈឥតគិតថ្លៃ ហើយក៏ជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរ កំពុងវិលត្រឡប់មកកាន់លំនៅដ្ឋានវិញ បន្ទាប់ពីបានទៅជួបជុំឪពុកម្តាយ និងសាច់សារលោហិត នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដែលមានរយៈពេល៣ថ្ងៃកន្លងទៅនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវទៅដល់អ្នកបើកបរទាំងអស់ត្រូវតែគោរពច្បាប់ កុំបង្ខំបើកលឿនប្រជែងយកឈ្នះដោយសារការប្រញាប់ ជាពិសេសក្នុងថ្ងៃដែលមានអ្នកធ្វើដំណើរច្រើន និងនៅលើផ្លូវកោង លើស្ពាន និងនៅទីប្រជុំជនដែលមានមនុស្សអ៊ូអរច្រើន ដែលងាយបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍៕