(បន្ទាយមានជ័យ )៖ លោក គាត ហ៊ុល បានចូលកាន់តំណែងអភិបាលក្រុងប៉ោយប៉ែតជាផ្លូវការ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ ដើម្បីជំនួសលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែតចាស់ ដែលដល់អាយុចូលនិវត្តន៍។

ពិធីនេះធ្វើឡើងក្រោមវត្តមាន លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ, ឧត្តមសេនីយ៍ សុខ ភាព, លោក គោ ស៊ុសារឿត សមាជិករដ្ឋសភា ហើយក៏មានការចូលរួមពីលោកអនុរដ្ឋលេខាធិការ, អគ្គនាយកអគ្គនាយករង, នាយឧត្ដមសេនីយ៍ ឧត្ដមសេនីយ៍, គណៈប្រតិភូក្រសួងមហាផ្ទៃ, ប្រធានក្រុមប្រឹក្សាខេត្ត, សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, នាយក នាយករងរដ្ឋបាលនគរបាលខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុង, ប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក, នាយក នាយករងទីចាត់ការ, ប្រធាន អនុប្រធាន, អធិការក្រុង, ចៅសង្កាត់ ប្រមាណជាង ៣០០នាក់។

លោក សួន បវរ អភិបាលបានលើកឡើងថា ការផ្លាស់ប្ដូរ ឬតែងតាំងសម្រួលភារកិច្ច គឺជាធម្មតាសម្រាប់ក្របខណ្ឌមន្ត្រីរាជការ របស់រាជរដ្ឋាភិបាលទៅតាមគុណបំណាច់ និងស្នាដៃ ក្នុងការបម្រើជាតិ និងប្រជាជននាពេលកន្លងមក។ ដូច្នេះសង្ឃឹមថា ក្រោយពីការតែងតាំងរចនាសម្ព័ន្ធថ្នាក់ដឹកនាំថ្មី ការិយាល័យអាចមានលទ្ធភាពបំពេញការងារ បម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ និងទាន់ពេលវេលា តាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសត្រូវមានទំនួលខុសត្រូវខ្ពស់ក្នុងការបំពេញភារៈកិច្ចថ្មី និងសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងមានកិច្ចសហការល្អជាមួយ អង្គភាពស្ថាប័ននានាជុំវិញខេត្ត សំដៅបំពេញកិច្ចការបម្រើជាតិ និងប្រជាជនឱ្យទទួលបានជោគជ័យថ្មីៗ ឱ្យបានជាបន្តបន្ទាប់។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតទើបឡើងកាន់តំណែងថ្មី បានឡើងប្តេជ្ញាចិត្តថា នឹងបំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន គោរពប្រតិបត្តិឲ្យបាននូវ អភិក្រម៥ប្រការ គោរពក្រមសីលធម៌ ក៏ដូចជាចូលរួមសហការឲ្យបានល្អផ្ទៃក្នុងអង្គភាព និងមន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធ។

លោកអភិបាលក្រុងប៉ោយប៉ែតថ្មី បានបញ្ជាក់ថា លោកនឹងចាប់ដៃដើរទៅមុខជាមួយប្រធានក្រុមប្រឹក្សា ក្រុងប៉ោយប៉ែត និងមន្ត្រីក្រោមឱវាទ រួមគ្នាដឹកនាំក្រុងឱ្យមានការអភិវឌ្ឍក្រុងមួយនេះ កាន់តែរីកចម្រើន បម្រើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត៕