Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្ញៀវទេសចរទៅលេងខេត្តរតនគិរី ក្នុងពេលបុណ្យចូលឆ្នាំថ្មីមានជិត ៨ម៉ឺននាក់, កើនតិចតួចបើធៀបឆ្នាំ២០១៨

17-04-2019 16:06

(រតនគិរី)៖ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត ពិទូ បានឲ្យដឹងថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០១៩ ខេត្តរតនគិរីទទួលភ្ញៀវទេសចរចំនួន ៧៨,១១៥នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ៧៧,៣៧៦នាក់ និងភ្ញៀវអន្តរជាតិ ៧៣៩នាក់។ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ មានការកើនឡើងត្រឹមតែ ០,១៤ភាគរយប៉ុណ្ណោះ។

លោក ង៉ែត ពិទូ បានបន្តថា មានរមណីយដ្ឋានសំខាន់ៗមួយចំនួន ដែលភ្ញៀវទេសចរទៅលេងកំសាន្តច្រើនជាងគេមានដូចជា៖ រមណីយដ្ឋានធម្មជាតិបឹងយក្សឡោម, បឹងលំគុដ, ទឹកធ្លាក់ ៧ជាន់អូរសៀងលែ, ទឹកជ្រោះកាចាញ និងទឹកធ្លាក់ចាអ៊ុង។

លោកប្រធានមន្ទីរទេសចរណ៍រូបនេះ បន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស ព្រមទាំងបានកសាងហេដ្ឋារចនាសម្ព័ន្ធ ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ បង្កើនជីវភាពគ្រួសារបានកាន់តែប្រសើរ។

ពាក់ព័ន្ធបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ក៏ត្រូវបានគេមើលឃើញថា មានភាពល្អប្រសើរផងដែរ។

លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី ប្រាប់ឲ្យដឹងថា រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ កងកម្លាំងមានសមត្ថកិច្ចបានគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើរជូនភ្ញៀវទេសចរ ដែលមកកំសាន្តតាមរមណីដ្ឋាននានា។

លោកស្នងការ បានគូសបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍មាន ៣ករណី តែពុំមានបញ្ហាអ្វីធ្ងន់ធ្ងរទេ ហើយក្រុមក្មេងៗជិះម៉ូតូខុសបច្ចេកទេស (កាត់បំពង់ស៉ីម៉ាំង) លាន់សូរសំឡេងរំខានអ្នកដំណើរដទៃ ត្រូវបានហៅណែនាំតែប៉ុណ្ណោះ៕