(កំពង់ស្ពឺ)៖ ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តរយៈពេល៣ថ្ងៃ បានទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិឱ្យចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ។ ក្នុងនោះភ្ញៀវជាតិមានជាង ១១ម៉ឺននាក់ និងបរទេស ៧៥០នាក់។ ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្ត បានរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ស្ពឺ និងក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ដោយសហការជាមួយមន្ទីរ រួមទាំងកងកម្លាំងក្នុងខេត្តផងដែរ។

លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តនៅឆ្នាំនេះ ថ្ងៃទី១ ទទួលបានភ្ញៀវចំនួន ៣៣,៨៧២នាក់ រួមទាំងភ្ញៀវអន្តរជាតិ ២១០នាក់, នៅថ្ងៃទី២ ទទួលបានភ្ញៀវចូលរួម ៣៩,០០៥នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ ២៥០នាក់ ហើយនៅថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់នៃសង្ក្រាន មានភ្ញៀវជាតិ ៤៣៦,៦២៩នាក់ និងអន្តរជាតិ ២៩០នាក់។ លោកបន្តថា រយៈពេល៣ថ្ងៃនេះ ទទួលបានភ្ញៀវជាតិសរុប ១១៦,៦២៩នាក់ កើនឡើង ១៧.៣%, ភ្ញៀវអន្តរជាតិ ៧៥០នាក់ កើនឡើង ១៤%។

លោកប្រធានមន្ទីរបានអះអាងថា ការកើនឡើងភ្ញៀវទេសចរនេះ បានបង្ហាញពីការរីកចម្រើន វឌ្ឍនភាពរបស់រដ្ឋបាលខេត្តកំពង់ស្ពឺទាំងមូល ធ្វើឲ្យពលរដ្ឋមានជំនឿចិត្តចំពោះសន្តិសុខ សណ្តាប់ធ្នាប់ និងភាពរុងរឿងនៃប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការរៀបចំរបស់រដ្ឋបាលខេត្ត៕