(ភ្នំពេញ)៖ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩នេះ តាមដងវិថីនានាចូលមកកាន់រាជធានីភ្នំពេញ កំពុងកកកុញដោយចំនួនយានយន្តដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរប្រុស-ស្រី ក្មេង-ចាស់ ត្រឡប់ចូលរាជធានីភ្នំពេញវិញ បន្ទាប់ពីបានឈប់សម្រាកជួបជុំសាច់ញាតិ ឬធ្វើដំណើរកម្សាន្តតាមតំបន់នានាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិពីថ្ងៃទី១៤-១៦ ខែមេសា កន្លងទៅនេះ។ និយាយដល់ថ្ងៃ១៧ ខែមេសា ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកមានអាយុចាប់ពី ៥០ប្លាយឡើងទៅប្រាកដជាចងចាំយ៉ាងច្បាស់នូវថ្ងៃ១៧ ខែមេសា កាលពី ៤៤ឆ្នាំមុន ព្រោះថ្ងៃនេះ ក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្មែរមួយ ថ្ងៃដែលបានធ្វើឲ្យប្រជាពលរដ្ឋខ្មែររងការឈឺចាប់ និរាសព្រាត់ប្រាស់ និងស្លាប់បាត់បង់ជីវិតយ៉ាងខ្លោចផ្សារជាទីបំផុតផងដែរ។

១៧ មេសា កាលពី៤៤ឆ្នាំ រាជធានីភ្នំពេញ ដែលជាកន្លែងភាសខ្លួនរបស់ប្រជាពលរដ្ឋខ្មែរ ព្រោះតែសង្រ្គាមរវាងកងទ័ពខ្មែរក្រហម និងកងទ័ពលោក លន់ នល់ ត្រូវបានចូលកាន់កាប់ពេញកងទ័ពខ្មែរក្រហមហ៊ុមព័ទ្ធដោយផ្សែងគ្រាប់ផ្លោង និងស្នូរគ្រាប់ភ្លើង។ ប្រជាពលរដ្ឋ ដែលពេលព្រឹកព្រលឹមបង្ហាញស្នាមញញឹម និងសាទរចំពោះការវាយចូលរបស់កងទ័ពខ្មែរក្រហម ព្រោះរំពឹងថាសង្គ្រាមរ៉ាំរ៉ៃប្រមាណ ៥ឆ្នាំកន្លងទៅត្រូវបានបញ្ចប់។

តែអ្វីៗមិនដូចការរំពឹងទុកនោះឡើយ នៅពេលរសៀល ក៏ត្រូវប្រែជាស្រពាប់ស្រពោនបង្កប់ដោយក្តីទុក្ខព្រួយទៅវិញ បន្ទាប់ពីកងទ័ពខ្មែរក្រហមប្រកាសឲ្យពួកគេចាកចេញពីរាជធានីភ្នំពេញ ដោយមិនមានភ្ជាប់ទៅជាមួយនូវទ្រព្យសម្បត្តិ និងស្បៀងអាហារអ្វីទាំងអស់។ ចាប់ពីរសៀលថ្ងៃទី១៧ ខែមេសា ១៩៧៥ រាជធានីភ្នំពេញ ក៏ចាប់ផ្តើមប្រែក្លាយជាទីក្រុងស្ងប់ស្ងាត់ មិនមែនជាទីក្រុងភ្លើងពណ៌ ប្រកបដោយភាពសប្បាយក្អាកក្អាយទៀតនោះឡើយ។

តាមដងផ្លូវជាតិនានាត្រូវបានកកកុញដោយមនុស្សម្នាជាមួយទឹកមុខដ៏ក្រៀមក្រោះជាទីបំផុត ដ្បិតពួកគេត្រូវបានក្រុមទាហានខ្មែរក្រហមចាប់បង្ខំឱ្យចាកចេញពីផ្ទះសម្បែង ត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ ជួបគ្រោះអត់ឃ្លាន គ្មានទីជម្រកជាដើម។ និយាយជារួម ១៧ មេសា កាលពី៤៤ឆ្នាំមុន គឺជាវេលាដ៏វេទនាបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរ។

ផ្ទុយទៅវិញ ១៧ មេសា ២០១៩ តាមផ្លូវជាតិធំៗចូលក្នុងរាជធានីភ្នំពេញ ត្រូវបានកកកុញដោយយានយន្ត ប្រជាពលរដ្ឋខ្មែរកំពុងសម្រុកចូលរាជធានីភ្នំពេញវិញ ដើម្បីត្រឡ់បមកកាន់លំនៅដ្ឋានក្នុងរាជធានីភ្នំពេញវិញ ប្រកបការងារ ធ្វើអាជីវកម្មចិញ្ចឹមជីវិត សិក្សារៀនសូត្រជាដើម បន្ទាប់ពីជួបជុំញាតិមិត្ត និងដើរកម្សាន្តយ៉ាងរីករាយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ រយៈពេល ៣ថ្ងៃកន្លងទៅ។

រយៈពេល៣ថ្ងៃកន្លងទៅនេះ ប្រជាពលរដ្ឋខ្មែរ ត្រូវបានសង្កេតឃើញថា ក្រោមម្លប់សុខសន្តិភាព ក្រោមការអភិវឌ្ឍតភ្ជាប់ហេដ្ឋរចនាសម្ព័ន្ធផ្លូវ និងស្ពាន ការរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរបានជួបជុំញាតិមិត្ត និងបានទៅលេងទីជិតឆ្ងាយជាមួយក្រុមគ្រួសារយ៉ាងសប្បាយរីករាយ។

តាមរយៈទិដ្ឋភាពក្នុងថ្ងៃទី១៧ ខែមេសា ៤៤ឆ្នាំមុន និងពេលបច្ចុប្បន្ន បានឆ្លុះបង្ហាញឱ្យឃើញពីភាពខុសគ្នានៃសង្គមកម្ពុជា និងជាកញ្ចក់បង្ហាញឱ្យឃើញពីនយោបាយដឹកនាំរបស់អ្នកនយោបាយខ្មែរជំនាន់មុន និងអ្នកនយោបាយខ្មែរពេលបច្ចុប្បន្ន។ ភាពអវិជ្ជមាននៃសង្គមកាលពី៤៤ឆ្នាំមុន ដោយសារតែនយោបាយដ៏ខុសឆ្គងរបស់ក្រុមមេដឹកនាំខ្មែរក្រហម បានធ្វើឱ្យសង្គមកម្ពុជាត្រូវខ្ទេចខ្ទាំង និងស្ទើរតែរលាយសូន្យសុង។ តែ៤៤ឆ្នាំក្រោយ ក្រោមគោលនយោបាយ និងមាគ៌ានៃការដឹកនាំដ៏ត្រឹមត្រូវ និងភាពច្បាស់លាស់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បាននឹងកំពុងធ្វើឱ្យសង្គមមានការរីកចម្រើន ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងពោរពេញដោយភាពសប្បាយរីករាយផងដែរ៕