(ភ្នំពេញ)៖ រយៈពេល២ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេស ចំនួន៥៨លើក ក្នុងនោះសម្លាប់មនុស្ស ចំនួន៣០នាក់ និងរបួស៨៩នាក់។ នេះបើតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩។

ដោយឡែកបើតាមរបាយការណ៍ដដែលបានបង្ហាញទៀតថា គ្រោះថ្នាក់ចរាចរណ៍៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ មានចំនួន៨២លើក ក្នុងនោះសម្លាប់មនុស្ស ចំនួន៤៤នាក់ និងរបួស១៣២នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៨ មានការកើនឡើង២៩លើក មនុស្សស្លាប់កើនឡើង១៩នាក់ របួសសរុបកើនឡើង៤៦នាក់ ក្នុងនោះរបួសស្រាលកើន៣នាក់ និងរបួសធ្ងន់កើន៤៣នាក់។

រយៈពេល៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ទាំងអស់នេះ បណ្ដាលមកពីប្រើប្រាស់ល្បឿនលឿន៣០លើក, ស្រវឹង៦លើក, ប្រជែង១១លើក, មិនប្រកាន់ស្ដាំ១១លើក, មិនគោរពសិទ្ធិ១៤លើក, បត់គ្រោះថ្នាក់៩លើក, កត្ដាយានយន្ដ១លើក ។

ដោយឡែក សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩នេះ កើតឡើងចំនួន២៧លើក ស្លាប់មនុស្ស១៣នាក់ របួសធ្ងន់៣២នាក់ និងរបួសស្រាល១០នាក់។ ក្នុងនោះខូចខាតយានយន្ដ រួមមាន៖ ម៉ូតូ៣៧គ្រឿង, រថយន្ដតូច៩គ្រឿង, យានផ្សេងៗ៣គ្រឿង និងថ្មើរជើង២នាក់៕