(ហ្សឺណែវ)៖ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានទទួលពានរង្វាន់គុណភាពល្អអន្តរជាតិ (International Star Award For Quality-ISAQ) ប្រចាំឆ្នាំ២០១៩ ចំពោះការដឹកនាំល្អផ្នែកវិស័យសំណង់លំនៅឋាន នៅក្នុងកម្ពុជាពី Business Initiative Directions (BID) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ពិធីផ្តល់រង្វាន់ ជូនលោកឧកញ៉ា លី ហួរ សម្រាប់គុណភាពដឹកនាំល្អផ្នែកវិស័យសំណង់នេះ ត្រូវបានធ្វើឡើងក្នុងយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ការទទួលពានរង្វាន់នេះ ត្រូវបានគេចាត់ទុកថា ជាការទទួលបានជោគជ័យថ្មីៗបន្ថែមទៀត លើការអភិវឌ្ឍបុរីលំនៅឋាន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់គុណភាពជីវិត និងការរស់នៅរបស់ប្រជាជនកម្ពុជា ប្រកបដោយផាសុខភាព ប្រណីតភាព និងថ្លៃថ្នូរខ្ពង់ខ្ពស់៕