(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង និងផ្ដល់ឋានៈ លោក ប៉ា សុជាតិវង្ស ជាទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានឋានៈស្មើ ទេសរដ្ឋមន្ដ្រី។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩។

សូមជម្រាបថា លោក ប៉ា សុជាតិវង្ស បានចូលកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ហើយក្រោយមកទៀត លោកបានក្លាយជាសមាជិករដ្ឋសភា ពោលជាតំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ។

ប៉ុន្ដែនាពេលថ្មីៗនេះ លោក ប៉ា សុជាតិវង្ស ក៏បានដាក់ពាក្យសុំលាលែងពីសមាជិករដ្ឋសភា ហើយត្រូវបានគណៈកម្មាធិការអចិន្ដ្រៃយ៍រដ្ឋសភា អនុម័យយល់ព្រមលើសំណើសុំប្រកាសទទួលស្គាល់ លោកស្រី គឹម សុវណ្ណ ជាតំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញថ្មី ជំនួសលោក ប៉ា សុជាតិវង្ស។

សូមបញ្ជាក់ថា ការលាលែងពីអ្នកតំណាងរាស្ត្ររបស់ លោក ប៉ា សុជាតិវង្ស ដោយសារតែលោក ត្រូវទៅកាន់តួនាទីថ្មី ជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ៕