(ស្វាយរៀង)៖ ក្នុងថ្ងៃទី១ នៃព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង មានប្រជាពលរដ្ឋមកពីគ្រប់ទិសទីចូលរួមកម្សាន្តសប្បាយប្រមាណ ៨៥,០០០នាក់។ នេះបើតាមគណៈកម្មការសង្ក្រាន្តស្វាយរៀង។

ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកស្រី និងមានការចូលរួមអមដំណើរដោយអភិបាលរងខេត្ត និងប្រធាន-អនុប្រធានគណៈកម្មការសង្ក្រាន្តស្វាយរៀង និងតំណាង ស.ស.យ.ក ខេត្តស្វាយរៀងជាច្រើនរូបទៀត។

ក្នុងឱកាសបើកព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងន លោកអភិបាលខេត្តបានលើកឡើងថា ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង មានរយៈពេលចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តស្វាយរៀង និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត។ ឆ្នាំនេះជាលើកទី៣ហើយ ដែលថ្នាក់ដឹកនាំខេត្ត និង ស.ស.យ.ក ខេត្តស្វាយរៀង បានយកចិត្តទុកដាក់ក្នុងន័យបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ។

គោលបំណងនៃការរៀបចំព្រឹិត្តិការណ៍សង្ក្រាន្តស្វាយរៀងនេះឡើង ក៏ដើម្បី៖

ទី១. ចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ទទួលទេវតាឆ្នាំថ្មីព្រះនាម «ទុង្សទេវី»។

ទី២. បង្ហាញការថែរក្សា និងលើកស្ទួយនូវវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏រុងរឿងរបស់ខ្មែរ។

ទី៣. ផ្តល់ឱកាសដល់យុវជនក្នុងការចូលរួមស្ម័គ្រចិត្ត ផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចការងារសង្គម និងបង្កើននូវភាពស្និទ្ធស្នាល សាមគ្គីភាព ក្រោមបរិយាកាសសប្បាយរីករាយ។

សូមជម្រាបថា កម្មវិធីនៃព្រឹត្តិការណ៍នេះ រួមមាន៖ ការប្រគុំតន្ត្រីបុរាណសម័យ ការដាក់តាំងពិព័រណ៍ផលិតផលក្នុងខេត្ត ការលេងល្បែងប្រជាប្រិយ និងកម្មវិធីកម្សាន្តសប្បាយៗជាច្រើនទៀត៕