(ភ្នំពេញ)៖ ពិធីជប់លៀងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៩ របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានប្រារព្ធឡើងយ៉ាងអធិកអធម នៅអគារ E មជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩។

លោក ឈាវ គួរស៊ីញ ប្រធានប្រតិបត្តិ នៃក្រុមប្រឹក្សាភិបាល និងលោក លី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប រួមជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប អ្នកតំណាងដៃគូសហការ និងភ្ញៀវកិត្តិយសជាច្រើន បានអញ្ជើញចូលរួម ដើម្បីអបអរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ។

ពិធីជប់លៀងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានចាប់ផ្តើមបើកកម្មវិធីដោយ «របាំត្រុដិ» ដែលជារបាំប្រពៃណីខ្មែរដ៏រីករាយ ។

លោក លី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានថ្លែងថា ចំណងមិត្តភាពរវាងកម្ពុជានិងចិនមានប្រវត្តិសាស្ត្រដ៏យូរអង្វែងហើយ ដោយមានកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន ក៏ទទួលបាននូវឱកាសអភិវឌ្ឍន៍ថ្មីដែរ។

ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានមកដល់ប្រទេសកម្ពុជាចំនួន៤ឆ្នាំហើយ នេះជាលើកទី៥ ដែលក្រុមហ៊ុនបានចូលរួមអបអរសារទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ។ ក្រុមហ៊ុនបានប្រតិបត្តិ ទៅនឹងនិន្នាការអភិវឌ្ឍន៍ នៃព្រះរាជាណាចក្រកម្ពុជា ហើយបានសម្រេចនូវលទ្ធផលជាផ្លែផ្កាក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យ ដែលមានគម្រោងជាច្រើនកំពុងដំណើរការសាងសង់នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានជំរុញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍ចម្រុះ ហើយក្រុមហ៊ុនបុត្រសម្ព័ន្ធ ក៏មានការអភិវឌ្ឍន៍ឥតឈប់ឈរផងដែរ។ នាពេលអនាគតក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តឆ្ពោះទៅរកការ កសាងជីវិតឲ្យកាន់តែប្រសើរ ដោយព្យាយាមយកគំនិតច្នៃប្រឌិតដឹកនាំការអភិវឌ្ឍ រួមគ្នាកសាងប្រទេសកម្ពុជាដ៏ស្រស់ស្អាត និងជំរុញខ្លួនឲ្យក្លាយជាក្រុមហ៊ុនអន្ដរជាតិដែលមានឥទ្ធិពលបំផុតនៅអាស៊ីអាគ្នេយ៍។

នៅឆ្នាំ២០១៨ ក្រុមហ៊ុនបានយកចិត្តទុកដាក់ និងសកម្មក្នុងការឆក់យកឱកាសអភិវឌ្ឍន៍នានាដែលសម្រេចបាននូវសមិទ្ធិផលដ៏ល្អប្រសើរសម្រាប់គោលដៅដែលបានកំណត់ឡើងទាំងអស់។ រហូតមកដល់បច្ចុប្បន្ននេះ ដីបម្រុងរបស់ក្រុមហ៊ុនមានទំហំលើសពី ១២ លានម៉ែត្រការ៉េ ដែលមានទំហំអភិវឌ្ឍលើសពី ២០ លានម៉ែត្រការ៉េ ការវិនិយោគលើសពី ១.៥ ពាន់លានដុល្លារអាមេរិក ហើយក្រុមហ៊ុន និងគ្រឹះស្ថានបុត្រសម្ព័ន្ធ មានចំនួនរហូតដល់ ៣០។

ដើម្បីទទួលបានសមិទ្ធិផលទាំងនេះ គឺត្រូវមាននូវស្មារតីក្រុមរបស់បុគ្គលិកទាំងអស់ ពោលគឺឧស្សាហ៍ព្យាយាម និងធ្វើកិច្ចសហប្រតិបត្តិការដោយស្មោះ។ នៅក្នុងការអបអរសាទរដ៏កក់ក្តៅលោក ឈាវ គួរស៊ីញ ប្រធាន ប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប រួមជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុនបានឡើងលើឆាក លើកកែវស្រា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងជូនពរដល់អ្នករាល់គ្នា និងក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប កាន់តែល្អប្រសើរជាងមុននៅក្នុងឆ្នាំថ្មី។

កម្មវិធីដ៏គួរឲ្យរំភើបជាច្រើន ដូចជារបាំខ្មែរ និងចំរៀងខ្មែរដ៏ពិរោះរណ្ដំជាច្រើនត្រូវបានរៀបចំឡើង ដែលអនុញ្ញាតឲ្យបុគ្គលិកជនជាតិខ្មែរ និងចិនទាំងអស់រីករាយក្នុងបរិយាកាសចូលឆ្នាំថ្មី និងបង្ហាញនូវវប្បធម៌ខ្មែរដ៏ជ្រាវជ្រៅនិងទូលំទូលាយ។

ពិធីជប់លៀងនេះ មានរៀបចំនូវកម្មវិធីប្រគល់រង្វាន់ សម្រាប់បុគ្គលិកឆ្នើមដែលបំពេញការងារបានល្អ នៅក្នុងឆ្នាំ២០១៨។ ហើយក៏មានកម្មវិធីចាប់ឆ្នោតផ្សងសំណាង ដែលគួរឲ្យរំភើបនិងទាក់ទាញផងដែរ ដែលនាំឲ្យបរិយាកាសក្នុងពិធីជប់លៀងឈានដល់កម្រិតកំពូល។ រាល់ពេលដែលរង្វាន់ត្រូវបានប្រកាសម្ដងៗ ចង្វាក់បេះដូងរបស់អ្នកគ្រប់គ្នាលោតញ៉ាប់ញ័រ រំភើប សប្បាយរីករាយជាខ្លាំង នាំឲ្យបរិយាកាសមានភាពរស់រវើក និងសំលេងទះដៃឥតឈប់ឈរ។

ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាមរតកវប្បធម៌ប្រពៃណីជាតិខ្មែរយូរយារណាស់មកហើយ។ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប តែងតែគោរពប្រពៃណីវប្បធម៍ខ្មែរ ហើយខិតខំកសាងស្ពានទំនាក់ទំនងរវាងកម្ពុជានិងចិន និងជួយជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះដែរ ឆ្នាំ ២០១៩ គឺជាឆ្នាំនៃការអភិវឌ្ឍន៍ថ្មី ការរំពឹងទុកថ្មី គោលដៅថ្មី និងការចាប់ផ្តើមថ្មី។

ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងចូលរួមសហការ ជាមួយបុគ្គលិកទាំងអស់ ដើម្បីចាប់ផ្ដើមដំណើរការថ្មី និងរួមគ្នាសម្រេចឲ្យបាននូវគម្រោងដ៏ធំធេងរបស់ក្រុមហ៊ុន ហើយកសាងទំព័រដ៏ថ្មីស្រឡាងមួយ ដែលកាន់តែល្អប្រសើរជាងមុន៕