(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានកំណត់នូវយុទ្ធសាស្ត្រ និងការងារអាទិភាពសំខាន់ៗ សម្រាប់នីតិកាលទី៦នេះ ដោយការងារអាទិភាពមានចំនួន៣ ក្នុងចំណោមអាទិភាពចំនួន៦ ដើម្បីជំរុញឱ្យមានកំណើន និងការទ្រទ្រង់ចីរភាពនៃកំណើនវិស័យអាកាសចរស៊ីវិលរបស់កម្ពុជា។

លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់អំពីការងារអាទិភាពទាំង៣នោះរួមមាន៖ ១៖ ការពង្រឹង ការចូលរួមក្នុងភាពជាដៃគូពីវិស័យឯកជន, ២៖ ការពង្រឹង និងធ្វើឱ្យប្រសើរឡើងនៃការតភ្ជាប់ និង ៣៖ ការរៀបចំខ្លួនដើម្បីឈានទៅរក បដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤ (៤.០)។

១៖ ការពង្រឹង ការចូលរួមក្នុងភាពជាដៃគូពីវិស័យឯកជន៖
* វិស័យឯកជន គឺជាដៃគូដ៏មានសារៈសំខាន់សម្រាប់រាជរដ្ឋាភិបាល ក្នុងការវិនិយោគលើវិស័យសេវាកម្ម និង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។ វិស័យឯកជននាំមកនូវបច្ចេកវិទ្យាទំនើប នវានុវត្តភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពស្របតាម ឧត្តមានុវត្តជាអន្តរជាតិ ក្នុងការរួមចំណែកលើកកម្ពស់លើការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងហានិភ័យ ព្រមទាំងកាត់បន្ថយបន្ទុកចំណាយរបស់រដ្ឋ។

* ការចូលរួមក្នុងភាពជាដៃគូពីវិស័យឯកជន បានបង្ហាញពីសញ្ញាវិជ្ជមានមួយ សម្រាប់ជំរុញឱ្យមានកំណើន និងការទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា រយៈពេលវែង ។

២៖ ការពង្រឹង និង ធ្វើឱ្យប្រសើរឡើងនៃការតភ្ជាប់៖

* ការយកចិត្តទុកដាក់ និងធ្វើឱ្យប្រសើរឡើងនៃការតភ្ជាប់តាមផ្លូវអាកាស៖ គឺសំដៅលើការលុបបំបាត់របាំង និងឧបសគ្គនានា ដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសនៅក្នុងតំបន់ និងពិភពលោក។ អាទិភាពចម្បង គឺការ
ជំរុញ និងសម្រួលដល់ហេដ្ឋារចនាសម្ព័ន្ធសេវាកម្ម និងទំនាក់ទំនងដ៏ជាក់លាក់មួយដែលមានលក្ខណៈអំណោយផលភាពច្បាស់លាស់ប្រកប ដោយបរិយាប័ន្ន ក៏ដូចជាការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេស នឹងប្រទេស ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ សន្តិភាព មិត្តភាព និងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។

គ៖ និន្នាការផ្លាស់ប្តូរ និង ការរៀបចំខ្លួនដើម្បីឈានទៅរក បដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤ (៤.០) (សេដ្ឋកិច្ចឌីជីថល)

* ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និង ការឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤(៤.០): យើងដឹងហើយថា ចរន្តនៃការរីកចម្រើនវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលហៅថាបដិវត្តន៍ឧស្សាហកម្មទី៤ បានក្លាយទៅជាកត្តាគន្លឹះមួយកំណត់នូវនិន្នាការវិវត្តនៃសង្គម-សេដ្ឋកិច្ចក្នុងគ្រប់ទិដ្ឋភាព ជាមួយនឹងការបង្កើតឡើងទាំងកាលានុវត្តភាព និងបញ្ហាប្រឈមសម្រាប់សកលលោកទាំងមូល។

* អាកាសចរស៊ីវិលបានត្រៀមលក្ខណៈសម្បត្តិក្នុងការសម្របខ្លួនទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ខណៈដែលបដិវត្តន៍នេះកំពុងបង្ហាញពីការរីកចម្រើននៃបច្ចេកវិទ្យានៅក្នុងពិភពលោក ដែលជះឥទ្ធិពលយ៉ាងខ្លាំងលើការកំណត់ឡើងវិញនូវកត្តាផលិតកម្ម សេវាកម្ម ឥរិយាបថការប្រើប្រាស់ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដូចជាការប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិមិត្ត (AI: Artificial Intelligence) ការប្រើប្រាស់មនុស្សយន្ត (Robot) ការបោះពុម្ព 3D…។ល។

លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ទៀតថា ដើម្បីចាប់យកនូវការអភិវឌ្ឍន៍ជាវិជ្ជមាន កាត់បន្ថយភាពកង្វល់ និងធានាឱ្យបាននូវទស្សនទាន «បច្ចេកវិទ្យាទំនើបសម្រាប់វិស័យអាកាសចរណ៍ ឬអាចហៅបានថា ការអភិវឌ្ឍន៍វិស័យអាកាសចរណ៍ ប្រកបដោយភាពវ័យឆ្លាត-SmartAviation/ Smart Regulation» រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នឹងអនុវត្តនូវវិធានការណ៍មួយចំនួនដូចខាងក្រោម៖

* ផ្សាភា្ជប់ចក្ខុវិស័យអាកាសចរណ៍ ទៅនឹងគោលនយោបាយអាទិភាពនានា របស់រាជរដ្ឋាភិបាល ប្រកបដោយភាពប្រទាក់ក្រឡា និងសង្គតិភាព ជាពិសេសគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ រួមជាមួយបដិវត្តន៍ឧស្សាហកម្ម ៤.០ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រកបដោយបរិយាប័ន្ន ដោយផ្អែកលើយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃរដ្ឋសភាអណត្តិទី៦ ព្រមទាំងរួមបញ្ចូលកម្មវិធីអភិវឌ្ឍសំខាន់ៗ លើផ្នែកបច្ចេកវិទ្យា ការអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងឧស្សាហកម្មអាកាសចរណ៍ សំដៅធានាឱ្យបានថា ការប្រើប្រាស់នវានុវត្តន៍ ភាពជឿនលឿនបច្ចេកវិទ្យា នឺងផ្តល់ឱ្យវិស័យអាកាសចរណ៍នូវកាលានុវត្តភាព ដល់ការលើកកម្ពស់ប្រសិទ្ធភាព ក្នុងវិស័យអាកាសចរណ៍ ការជំរុញបរិយាប័ន្នភាពក្នុងឧស្សាហកម្មដឹកជញ្ជូនឧស្សាហកម្មអាកាសចរណ៍និង ទេសចរណ៍ ការលើកកម្ពស់ការគ្រប់គ្រងធនធាន ប្រកបដោយប្រសិទ្ធភាព និង ការចូលរួមសម្រេចបាននូវរបៀបវារៈផ្សេងៗទៀតនៃការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ និង ការត្រៀមទទួលអ្នកធ្វើដំណើរតាមផ្លូវអាកាស ជាតិ និង អន្តរជាតិជាង១៥លាននាក់ នៅឆ្នាំ២០៣០ និង ជាង២៨លាននាក់ នៅឆ្នាំ២០៥០។

* រៀបចំកម្មវិធី ពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យអាកាសចរណ៍ តាមរយៈការលើកគុណភាពនៃការអប់រំកម្រិតខ្ពស់ ការបណ្តុះបណ្តាលជំនាញពាក់ព័ន្ធក្នុងឧស្សាហកម្មអាកាសចរណ៍ ឱ្យស្របតាមនិន្នាការនៃការរីកចំរើន បច្ចេកវិទ្យា និង ឌីជីថលរូបនីយកម្ម។

* លើកកម្ពស់ការស្រាវជ្រាវ និង នវានុវត្តន៍ (Innovation) ក្នុងឧស្សាហកម្មអាកាសចរណ៍ ពង្រឹងនូវសម្ថតភាពជំនាញប្រកបដោយវិជ្ជាជីវៈ និង តម្រង់ទិសថ្មីរបស់សេដ្ឋកិច្ចឌីជីថលនាពេលអនាគត សម្រាប់ឧស្សាហកម្មអាកាសចរណ៍កម្ពុជា។

* វិស័យអាកាសចរណ៍ មានសក្តានុពលខ្ពស់ក្នុងការចាប់យកនូវប្រយោជន៍ ដែលកើតចេញពីបដិវត្តន៍ឧស្សាហកម្មទី ៤ នេះ ដើម្បីស្ថិរភាពកំណើនឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជាដោយហេតុថា៖(១)ដោយសារការកើនឡើងនូវចំនួនយុវជនមានចំណេះដឹង និង និន្នាការចាប់យកបច្ចេកវិទ្យាឌីជីថលលឿន (២) ការកើនឡើងលឿននៃការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទចល័ត និង ទូរស័ព្ទវ័យឆ្លាត ជាមួយអត្រាប្រើប្រាស់ទូរស័ព្ទដៃខ្ពស់ (៣) លំហូរនៃការវិនិយោគបរទេសដែលនាំមកនូវបច្ចេកវិទ្យា និង (៤) ឌីជីថលរូបនីយកម្ម បានកំពុងរីកចម្រើនស្ទើរគ្រប់វិស័យ សេដ្ឋកិច្ចសំខាន់ៗ ជាតួយ៉ាងដូចជាពាណិជ្ជកម្មអេឡិចត្រូនិច (E-Commerce, Online travel, Online media and Ride-hailing) ស្របពេលដែលភ្ញៀវទេសចរណ៍កំពុងសម្របខ្លួនជាបណ្តើរៗ ក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យាទាំងនេះ។ ចំណុចទាំងអស់នេះហើយ នឹងជះឥទ្ធិពលជាវិជ្ជមានដល់ការរីកចម្រើននៃវិស័យអាកាសចរណ៍កម្ពុជា លើគ្រប់ទិដ្ឋភាព រាប់ទាំងការគ្រប់គ្រង ការពង្រឹងសុវត្ថិភាព និងសន្តិសុខ រួមទាំងការតាមដាន និងត្រួតពិនិត្យជាដើម ជាពិសេសដើម្បីស្ថិរភាពកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់
ប្រជាជនកម្ពុជា និងឆ្ពោះទៅសម្រេចបាននូវស្ថានភាពនៃប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់
នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០៕