(វ៉ាស៊ីនតោន)៖ នៅក្នុងឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំកុរ ពីថ្ងៃ​១៤, ១៥ និង​ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៩នេះ រដ្ឋបាល​ប្រធានាធិបតីលោក ដូ​ណា​ល់ ត្រាំ បាន​ផ្ញើ​សារ​ជូនពរជ័យ​សិរី​សួស្តី​ដល់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក។

លោកស្រី Morga Ortagus អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​ បាន​ផ្ញើសារជូនពរពីរដ្ឋបាលអាមេរិកជូន​ដល់​ប្រជាជន​កម្ពុជា​គ្រប់​ក្រុមគ្រួសារ​ឲ្យ​មាន​សុខ​ភាពល្អ វិបុល​សុខ និង​សិរី​មង្គល​ក្នុងឱកាស​ឆ្នាំ​ថ្មី​នេះ ដោយ​តំណាង​ឲ្យ​រដ្ឋបាល​អាមេរិក​។

លោកស្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួនចុះថ្ងៃទី១២ ខែមេសា យ៉ាងដូច្នេះថា «​ដោយ​តាងនាម​ឲ្យ​រដ្ឋបាល​សហរដ្ឋអាមេរិក ខ្ញុំ​សូម​អបអរសាទរ​ប្រជាជន​កម្ពុជា​ក្នុងឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​​។ ​សូម​ប្រជាជន​កម្ពុជា​ទទួលយក​ការ​ប្រសិទ្ធ​ពរជ័យ​របស់​យើង​ក្នុងឱកាស​ឆ្នាំ​ថ្មី​នេះ​។ សូម​ឆ្នាំ​ថ្មី ឆ្នាំកុរ នាំមក​នូវ​សុខ​ភាពល្អ វិបុល​សុខ និង​សិរី​មង្គល​ផងដែរ​»​។​

​ឆ្លៀតឱកាស​នេះដែរ លោកស្រី​សម្តែងនូវសង្ឃឹមថា ទំនាក់ទំនង​រវាង​ប្រជាជន​កម្ពុជា​និង​ប្រជាជន​អាមេរិក នឹង​កាន់តែ​ស៊ីជម្រៅ​នៅពេល​ខាងមុខ​ផង​៕