(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅតែបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នបញ្ហាអគ្គិភ័យ ខណៈពេលនេះជារដូវក្តៅហួតហែង និងប្រុងប្រយ័ត្នអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ខណៈធ្វើដំណើរមកស្រុកកំណើត ដើម្បីអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។

ការបន្តអំពាវនាវរបស់អភិបាលខេត្តកំពង់ចាម បានធ្វើឡើងនាថ្ងៃ១២ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញ ខណៈលោកដែលបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងមួយខ្សែ និងសមិទ្ធិផលនានា ដែលស្ថិតនៅវត្តនាងកេ សរ ហៅវត្តពាមក្នុង ភូមិពាមក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។

ក្នុងឱកាសនោះដែរលោក គួច ចំរើន ក៏បានជំរុញឱ្យកងកម្លាំងសមត្ថកិច្ច បន្តកិច្ចខិតខំប្រឹងប្រែងជួយដោះស្រាយរាល់ទុក្ខលំបាក របស់ប្រជាពលរដ្ឋតាមមូលដ្ឋាន និងព្យាយាមផ្សព្វផ្សាយពីបញ្ហាអគ្គិភ័យ គ្រោះថ្នាក់ចរាចរណ៍ គ្រឿងញៀន និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅឯមូលដ្ឋានអោយបានល្អប្រសើរ។ ចំណែកកងកម្លាំងផ្នែកពន្លត់អគ្គិភ័យ ត្រូវបន្តត្រៀមបច្ចេក ទេស ដើម្បីត្រៀមបង្ការជួយ សង្គ្រោះ និងទប់ស្កាត់ពេលមានអគ្គិភ័យកើតឡើងផងដែរ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃដដែលនេះ លោក គួច ចំរើន ក៏បានអញ្ជើញសម្ពោធរូបសំណាកស្រីសឈរ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បន្ទាប់ពីបានសង់រួចដោយមានការឧបត្ថម្ភពីសប្បុរសជន។ បើតាមលោកអភិបាលខេត្ត ទាក់ទងទៅនឹងប្រវត្តិសាស្ត្ររូបសំណាក់ ស្រីសរឈ កាលពីកំឡុងឆ្នាំ១៥០៤ ព្រះបាទព្រះអង្គចន្ទ បានមកកសាងអភិវឌ្ឍបន្តអស់រយៈពេលជាច្រើនឆ្នាំ លើទឹកដីស្រុកបាសានជាស្រីសន្ធរនេះ។

លុះនៅថ្ងៃមួយព្រះអង្គស្រីសុគន្ធបុត្រ ត្រូវជាចៅរបស់ព្រះអង្គ ពញាយ៉ាត បានយាងទៅថ្វាយបង្គំព្រះ នៅទីអារាម ក៏បានជួបប្រទះស្រីសឈរ ដែលអ្នកនាងពេល នោះកំពុងតែឈរលើខឿនព្រះវិហារ។ បន្ទាប់ក្រោយមកព្រះអង្គស្រីសុគន្ធបុត្រ បានពេញហឫទ័យទៅលើអ្នកនាង។ បន្ទាប់មកឪពុកម្ដាយរបស់អ្នកនាង ស្រីសឈរ ក៏បានថ្វាយប្រគល់អ្នកនាងឱ្យទៅបម្រើព្រះអង្គ។

ប៉ុន្តែក្រោយការសង្កេតឃើញថាអ្នកនាងស្រីសឈរ មានកិរិយាមាយាទល្អ ព្រះអង្គបានតែងតាំងទៅជាអ្នកម្នាងកេសរបុប្ផា និងបានកែប្រែឈ្មោះ ពីស្រុកបាសាន ទៅជាស្រុកស្រីសឈរវិញ ឬក៏ហៅថាខេត្តស្រីសឈរ ប៉ុន្តែស្រុកនេះជាបន្តបន្ទាប់រៀងមកក៏បានកែប្រែឈ្មោះ ទៅជាស្រុកស្រីសន្ធរមកដល់សព្វថ្ងៃនេះ៕