(ត្បូងឃ្មុំ)៖ ក្នុងឱកាសចុះសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូពេទ្យ មន្ត្រីរាជការ និងបុគ្គលិកពេទ្យទាំងអស់ នៅមន្ទីរពេទ្យបង្អែក ព្រះនរោត្តមសីហនុត្បូងឃ្មុំ នាល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចាត់ទុកលោកគ្រូ អ្នកគ្រូពេទ្យ គឺជាទេវតាសង្គ្រោះជីវិតមនុស្សពិតៗ ដែល គ្រប់គ្នាមិនបាច់ទៅបន់ស្រន់នោះឡើយ។

លោកក៏បានលើកឡើងថា លោកគ្រូ អ្នកគ្រូពេទ្យ ជាបញ្ញវ័ន្តជាន់ខ្ពស់ មានទាំងចំណេះវិជ្ជា ក្រមសីលធម៌ខ្ពស់ ឆន្ទៈមុះម៉ុត ពិសេសបានលះបង់កម្លាំងកាយចិត្ត ពេលវេលា មិនថាយប់ ឬថ្ងៃ រង់ចាំសង្គោះព្យាបាល អ្នកជំងឺ ពេលខ្លះទាំងខ្លួនឈឺថែមទៀតផង។

អភិបាលខេត្តរូបនេះ បានសង្កត់ធ្ងន់ត្រង់ចំណុចនេះ ដោយលើកឡើងពីប្រសាសន៍សម្តេចតេជោ ហ៊ុនសែន ធ្លាប់បានថ្លែងថា «សុំឲ្យបងប្អូនយើង មើលព្រៃទាំងមូល កុំមើលដើមឈើតែមួយដើម» ក្នុងន័យនេះ គឺថាលោកគ្រូអ្នកគ្រូពេទ្យល្អ៩៩% ខិតខំបំពេញវិជ្ជាជីវៈរបស់ខ្លួន ពិនិត្យព្យាបាល ទាំងថ្ងៃ ទាំងយប់ ទាំងឈឺទាំងជា តែមាន១%ប៉ុណ្ណោះខិលខូច តែបែរជាជនអគតិមួយចំនួនតូច បំប៉ោងព័ត៌មាន សម្ដៅដាក់បន្ទុកទៅលើរាជរដ្ឋាភិបាល ដែលជាចរិក ស្នេហាជាតិ ក្លែងក្លាយរបស់ក្រុមទាំងនោះ ក្នុងគោលបំណង ធ្វើឲ្យប្រទេសកម្ពុជាចលាចល ធ្លាក់ក្នុងភ្លើងសង្គ្រាម។

លោក ជាម ច័ន្ទសោភ័ណ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកគ្រូអ្នកគ្រូពេទ្យ ដែលខិតខំបំពេញការងារសេវាសុខាភិបាល នាពេលកន្លងមក ក៏ដូចជាកំពុងធ្វើ នឹងបន្តធ្វើឲ្យកាន់តែប្រសើរថែមទៀត។

លោក បានជំរុញមន្ទីរសុខាភិបាលខេត្ត សហការជាមួយអាជ្ញា ធរ ក្នុងការផ្តល់វ៉ាក់សាំងដល់ទារកឲ្យបានគ្រប់គ្រាន់ និងច្បាស់លាស់លុបបំបាត់កុមារពិការ ដោយខ្វះការចាក់វ៉ាក់សាំងការពារ ពិសេសតាមមណ្ឌលសុខភាព ត្រូវសហការជាមួយឆ្មប ដើម្បីឲ្យប្រជាពលរដ្ឋជាស្ត្រី ឆ្លងផុត និងកាត់បន្ថយមរណភាពម្តាយ និងកូននៅពេលឆ្លងទន្លេ។

ជាមួយគ្នានោះ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោក ជាម ច័ន្ទសោភ័ណ បានណែនាំឲ្យមន្ទីរសុខាភិបាលខេត្ត រៀបចំ គ្រូពេទ្យ ប្រចាំការពេញ២៤ម៉ោង រង់ចាំសង្គ្រោះអ្នកជំងឺ តាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំងអស់ទូទាំងខេត្ត ជាសេវាចាំបាច់បំផុតដែលមិនអាចសម្រាក និងខ្វះបានសម្រាប់ប្រជាពលរដ្ឋ៕