(បាត់ដំបង)៖ នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញបើកសង្រ្កាន្តបាត់ដំបងឆ្នាំថ្មី ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំខ្មែរ និងមានតាំងពិព័រណ៍របស់ ស.ស.យ.ក នៅនៅបរិវេណវិទ្យាល័យនេត យ៉ង់ ក្រុងបាត់ដំបង ដោយមានការចូលរួមពីប្រតិភូអមដំណើរ សមាជិករាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ក្រុមការងារចុះជួយខេត្ត ស្រុកថ្នាក់ដឹកនាំខេត្ត ប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង យុវជន កងកម្លាំង មន្រ្តីរាជការនានាជុំវិញខេត្ត អភិបាលក្រុង ស្រុក អាជីវករ ប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ។

បន្ទាប់ពីមតិស្វាគមន៍របស់លោក ស រដ្ឋា ប្រធានស.ស.យ.ក ខេត្តនិងរបាយការណ៍សង្ខេបរបស់លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានរាយការណ៍ជូនអង្គពិធីដោយបានបញ្ជាក់ ពីសកម្មភាពលទ្ធផលការងាររបស់រដ្ឋបាលខេត្តរយ:ពេល១ឆ្នាំកន្លងមកមានការរីកចំរើនយ៉ាងខ្លាំង។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍សំណេះសំណាលក្នុងអង្គពិធីថា ដោយមានកិច្ចសហការរវាងរដ្ឋបាលខេត្តនិង ស.ស.យ.ក ខេត្ត ទើបយើងបានរៀបចំសង្រ្កាន្តបាត់ដំបងឆ្នាំថ្មីជាលើកទី២ នៅខេត្តបាត់ដំបងបានតុបតែងល្អប្រសើរជាងឆ្នាំមុន។

សម្តេចបានបញ្ជាក់ថា ការរៀបចំធ្វើសង្រ្កាន្តនេះ ក្នុងគោលបំណងឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី ដែលជាថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិតាំងពីបុរាណមកទល់បច្ចុប្បន្ន ធ្វើឲ្យប្រជាពលបានជួបជុំគ្នា ជួបជុំគ្រួសារនៅផ្ទះ មកលេងកន្លែងសង្រ្កាន្ត ដោយមកសប្បាយរីករាយ ជាមួយនឹងមានការតាំងពិព័រណ សម្តែងសិល្ប: និងតន្រ្តីបុរាណសម័យ និងល្បែងប្រជាប្រិយផ្សេងៗផងដែរ។

សម្តេច ស ខេង បានបន្តទៀតថា បន្ទាប់ពីប្រទេសជាតិមានសុខសន្តិភាពពេញលេញឯកភាពជាតិតែមួយ និងមានការអភិវឌ្ឍន៍ប្រទេសកាន់តែខ្លាំងហើយ ទើបធ្វើឲ្យប្រជាពលរដ្ឋយើងមានសេចក្តីសុខ និងសុខសុវត្តិភាពទើបយើងបានបង្កើតឡើងនូវសង្រ្កានឆ្នាំថ្មីនេះជាលើកទី២ហើយតាំងពីឆ្នាំ២០១៨ និង២០១៩ សម្រាប់ខេត្តបាត់ដំបង។

សម្តេចបានបន្ថែមថា បើគ្មានសុខសន្តិភាពពេញលេញក្នុងប្រទេសទេ យើងក៏មិនអាចមានឱកាសរៀបចំសង្រ្កាន្តឆ្នាំថ្មីជូនប្រជាពលរដ្ឋបានដើរលេងឲ្យសប្បាយរីករាយបានឡើយ។

ក្នុងឱកាសនោះដែរ សម្តេចបានជម្រុញឲ្យសមត្ថកិច្ចអាណាព្យាបាល គ្រប់រូបនាំគ្នាទប់ស្កាត់បញ្ហាប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងត្រូវបង្រ្កាបជាបន្ទាន់មិនឲ្យកើតមានបន្តទៀត នៅតាមមូលដ្ឋានដាច់ខាត ព្រម នាំគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នា ដើម្បីទប់ស្កាត់ ការពារគ្រោះថ្នាក់ចរាចរណ៍ជាប្រចាំ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ និងជូនពរបងប្អូនប្រជាពលរដ្ឋយើងនៅខេត្តបាត់ដំបងបានសុខសុវត្តិភាព សុខសប្បាយទាំងអស់គ្នាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ៕