(ភ្នំពេញ)៖ អ្នកតំណាងស្ថាប័នអប់រំ និងសាកលវិទ្យាល័យមកពីសហរដ្ឋអាមេរិក នឹងមកកាន់ទីក្រុងភ្នំពេញ សម្រាប់កម្មវិធីពិព័រណ៍ពីជម្រើសសិក្សា និងអាហារូបករណ៍ ដែលនឹងធ្វើឡើងនៅថ្ងៃ ០៨ ឧសភា ឆ្នាំ ២០១៩ នៅសាលពិព័រណ៍នៃសាលា ACE សាខាទួលទំពូង ចាប់ពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច។ កម្មវិធីពិព័រណ៍ប្រចាំឆ្នាំនេះ អាចចូលរួមដោយឥតគិតថ្លៃ ហើយវាត្រូវបានរៀបចំឡើងដោយស្ថាប័នអប់រំ IDP ដែលជាស្ថាប័នផ្តល់ពត៌មានពីការសិក្សានៅបរទេស និងឈានមុខគេនៅលើពិភពលោក។

សិស្សនិស្សិត និងអាណាព្យាបាល អាចជួបពិភាក្សាផ្ទាល់ជាមួយស្ថាប័នអប់រំសហរដ្ឋអាមេរិកទាំងនេះ ដើម្បីស្វែងយល់អំពីជម្រើសសិក្សាគ្រប់កម្រិតចាប់ពីថ្នាក់វិទ្យាល័យ វិជ្ជាជីវៈ ដល់ថ្នាក់សាកលវិទ្យាល័យ រួមទាំងឱកាសការងារ ក៏ដូចជាព័ត៌មានអំពីអាហារូបករណ៍ផ្សេងៗ។

«កម្មវិធីពិព័រណ៍ពីការសិក្សា និងអាហារូបករណ៍នៅអាមេរិក គឺជាវេទិកាពិសេសមួយសម្រាប់អ្នកដែលមានបំណងទៅបន្តការសិក្សា នៅសហរដ្ឋអាមេរិក ដើម្បីទទួលពត៌មានជាក់លាក់បន្ថែម និងដោយផ្ទាល់ពីតំណាងស្ថាប័នអប់រំមកពីរដ្ឋនានានៃសហរដ្ឋអាមេរិក»។ នេះបើតាមការឲ្យដឹងពីលោក ម៉ៅ ស្រេង នាយកស្ថាប័នអប់រំ IDP ប្រចាំប្រទេសកម្ពុជា។

មន្រ្តីមណ្ឌលប្រលង IELTS ប្រចាំប្រទេសកម្ពុជា នឹងមកចូលរួមផ្តល់ប្រឹក្សាពី ការចុះឈ្មោះប្រលង និងការត្រៀមប្រលង IELTS។ អ្នកតំណាងមកពីមជ្ឈមណ្ឌលអូស្រា្តលី សម្រាប់ការបណ្តុះបណ្តាល (ACE) ក៏នឹងមានវត្តមានក្នុងកម្មវិធីនេះដែរ ដើម្បីផ្តល់នូវព័ត៌មានទាក់ទងនឹងការសិក្សាភាសាអង់គ្លេស ដើម្បីត្រៀមខ្លួនបំពេញលក្ខខណ្ឌ របស់ស្ថាប័នអប់រំមកពីសហរដ្ឋអាមេរិក។

«សហរដ្ឋអាមេរិក គឺជាទិសដៅសិក្សាល្អប្រសើរមួយ ដែលផ្តល់អោយសិស្ស និស្សិតនូវបទពិសោធន៍សិក្សា ជាមួយនឹងបរិយាកាសដែលមានវប្បធម៌ចម្រុះ។ លើសពីនេះទៅទៀត សិស្ស និស្សិតមានឱកាសអាចបំពេញការងារក្រៅម៉ោង ក្នុងកំឡុងពេលកំពុងសិក្សាផងដែរ។ កត្តាទាំងនេះហើយដែលធ្វើឲ្យសហរដ្ឋអាមេរិក មានភាពទាក់ទាញ»។ នេះបើតាមការឲ្យដឹងបន្ថែមពី លោក ឈាង វ៉ាន់តាក់ ប្រធានផ្នែកបញ្ជូនសិស្ស និស្សិតទៅសិក្សានៅក្រៅប្រទេសប្រចាំស្ថាប័នអប់រំ IDP។

IDP Education គឺជាស្ថាប័នធំជាងគេបង្អស់លើពិភពលោក ដែលបានដើរតួនាទីក្នុងការបញ្ជូនសិស្សនិស្សិត ទៅសិក្សានៅប្រទេសអូស្ត្រាលី អង់គ្លេស ណូវែលហ្សេឡង់ កាណាដា អាមេរិក និងអៀរឡង់ ជាមួយនឹងការិយាល័យជាង១០០ នៅ៣២ប្រទេសជុំវិញពិភពលោក។ ការប្រឹក្សា និងការបំពេញទម្រង់បែបបទសិក្សា ដែលផ្តល់ជូនដោយស្ថាប័ន IDP ធ្វើឡើងដោយឥតគិតថ្លៃ។

សិស្ស និស្សិត និងអាណាព្យាបាលអាចអញ្ជើញមកសាកសួរពត៌មានបន្ថែមទាក់ទងការសិក្សានៅបរទេស នៅគ្រប់ការិយាល័យសិក្សានៅបរទេសរបស់ស្ថាប័ន IDP ផ្ទាល់ដែលមានទីតាំងនៅគ្រប់សាខា នៃសាលា ACE ភ្នំពេញ និងសៀមរាប។ ចុះឈ្មោះចួលរួមកម្មវិធីនេះដោយឥតគិតថ្លៃតាមរយៈ www.cambodia.idp.com/usexpo  ឬលេខទូរស័ព្ទ 077 667 122៕