(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹងរួមមួយ សូមស្នើប្រធានក្រុមហ៊ុនប្រតិបត្តិករ ទូរគមនាគមន៍ទាំងអស់ ចាត់ចែងទូទាត់ចំណែក នៃផលចំណូល (Revenue Share) និងបំណុលទាំងអស់ ដែលនៅជំពាក់រដ្ឋជូនក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ យ៉ាងយូរត្រឹម ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ជាកំហិត។

តាមសេចក្ដីជូនដំណឹង ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ផុតកាលកំណត់នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងចាត់វិធានការតឹងរីងជាបន្ត ដូចខាងក្រោម ដោយពុំមានការលើកលែងឡើយ។

១៖ ប្រកាសជាសាធារណៈ តាមបណ្តាញសារព័ត៌មាន ដូចជា កាសែត វិទ្យុ ទូរទស្សន៍ សារព័ត៌មានOnline -ល- ចំពោះក្រុមហ៊ុនទាំងឡាយណា ដែលខកខានមិនបានអនុវត្ត តាមការកំណត់ខាងលើ ដោយដាក់ចំឈ្មោះ ក្រុមហ៊ុន, ឈ្មោះអភិបាលក្រុមហ៊ុន, ម្ចាស់ក្រុមហ៊ុន និងចំនួនទឹកប្រាក់ដែលបានជំពាក់។

២៖ ចាត់វិធានការតាមផ្លូវច្បាប់ ដូចជាបង្កកសំណើសុំការអនុញ្ញាតនានា បង្គកគណនីនៅតាមធនាគារពាណិជ្ជ, បិទហ្វេកង់ស៍, ហាមឃាត់ការនាំចេញ-នាំចូល, ហាមឃាត់ការចូលរួមក្នុងដំណើរការលទ្ធកម្ម
សាធារណៈ, ព្យួរ ឬដកហូតអាជ្ញាប័ណ្ណប្រតិបត្តិការ អាជ្ញាប័ណ្ណហ្វេកង់ស៍វិទ្យា កិច្ចព្រមព្រៀង ឬលិខិតគតិយុត្តពាក់ព័ន្ធផ្សេងៗ សម្រាប់ធ្វើអាជីវកម្ម និងចុងក្រោយរៀបចំសំណុំរឿង ដាក់បណ្តឹងទៅតុលាការ។

សូមទាក់ទងក្រុមការងារអន្តរក្រសួង តាមខ្សែទូរស័ព្ទដូចខាងក្រោម ៖

* លោក សាត មុនីវិបុល ០៩៧ ៣២៣ ៩៩៩៩/ ០៨៧ ៦៩០ ០៩៩
* លោក អ៊ុ កក្កដា ០១២ ៦០៣ ៧៧៩
* លោក ណុំ ស៊ីនិត ០១២ ៨៦៧ ៨៦៩៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច និងក្រសួងប្រៃសណីយ៍ ដែលមានខ្លឹមសារទាំងស្រុង៖