(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ផ្ញើសារលិខិតជូនពរដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦២។ នេះបើតាមសារជូនពរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា ទន្ទឹមនឹងភារកិច្ចស្នូល អស់លោក លោកស្រី បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងការពារជាតិ អគ្គ បញ្ជាការ សំដៅកសាងកងយោធពលខេមរភូមិន្ទឱ្យបានរៀបរយ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញ តួនាទីភារកិច្ច ការពារជាតិមាតុភូមិ ដែលប្រទេសជាតិបានប្រគល់ជូន។

ទន្ទឹមនោះបានចូលរួមយ៉ាងសកម្ម ក្នុង កិច្ចសហការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការទប់ស្កាត់ បង្ក្រាបបទល្មើសនានា ដូចជាអំពើប្លន់ ប្រដាប់អាវុធ ការជួញដូរគ្រឿងញៀន ការជួញដូរផ្លូវភេទ បទល្មើសព្រៃឈើ បទល្មើសនេសាទ និងបទល្មើស ផ្សេងៗទៀត ព្រមទាំងបានសហការ រួមចំណែក ក្នុងការជួយសង្គ្រោះប្រជាជនពីគ្រោះមហន្តរាយនានា ដែល កើតមានឡើងជាយថាហេតុ។

ជាមួយនេះដែរ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានរួមចំណែកក្នុងវិស័យមនុស្សធម៌ ដោយបាន បរិច្ចាគធនធានសម្ភារៈ ថវិកាជាច្រើន តាមរយៈកាកបាទក្រហមកម្ពុជា ជួយដល់គ្រួសារយោធិនជួបការ លំបាក និងបានបន្តការចងសម្ព័ន្ធមេត្រីភាព រវាងអង្គភាពកងទ័ពជាមួយក្រសួងស្ថាប័នស៊ីវិល ដើម្បីពង្រឹង ប្រពៃណសាមគ្គីភាពដ៏ល្អផូរផង់ រវាងកងទ័ព និងប្រជាជន ក្នុងគោលដៅកសាងពង្រឹងកងឯកភាព នៃកងយោធពលខេមរភូមិន្ទ ឲ្យមានភាពរីកចម្រើន ជាពិសេសដើម្បីពង្រឹងខឿនការពារជាតិឲ្យកាន់តែរឹងមាំថែមទៀត៕

ខាងក្រោមនេះ ជាសារជូនពររបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖