(ភ្នំពេញ)៖ អនុវត្តតាមបញ្ជារបស់រាជរដ្ឋាភិបាលស្តីពី វិធានការដោះស្រាយបន្ទាន់ចំពោះផលប៉ះពាល់ ពីគម្រោងសាងសង់ខ្សែបញ្ជូនចរន្តអគ្គិសនី ក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលរាជធានី បានប្រជុំបន្ទាន់មួយជាមួយអាជ្ញាធរពាក់ព័ន្ធ រួមមាន អាជ្ញាធរអគ្គិសនី មន្រ្តីមូលដ្ឋាន ខណ្ឌ សង្កាត់ និង អ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីពិនិត្យនិងដោះស្រាយ ទៅតាមគោលនយោបាយ និងបញ្ជារបស់រាជរដ្ឋាភិបាល។

នៅក្នុងកិច្ចប្រជុំនោះ មន្រ្តីពាក់ព័ន្ធ ក៏បានបង្ហាញពីផលប៉ះពាល់គម្រោងខ្សែបញ្ជូន២៣០គីឡូវ៉ុល និង៥០០គីឡូវ៉ុល ដែលជាខ្សែបញ្ជូនអាទិភាព ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីបញ្ជូនថាមពល ពីប្រភពខាងត្បូង មកប្រើប្រាស់ក្នុងប្រព័ន្ធបណ្តាញជាតិទាំងមូល ជាពិសេសក្នុងរាជធានីភ្នំពេញ ហើយត្រូវបញ្ចប់ឲ្យបានមុនចុង ខែមករា ឆ្នាំ២០២០ខាងមុខនេះ។

ដើម្បីធានាឲ្យការសាងសង់គម្រោងខ្សែបញ្ជូននេះ បញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការ តាមផែនការរាជរដ្ឋាភិបាល បានដាក់ចេញនូវបទបញ្ជា ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ រាជធានី-ខេត្ត ទាំង៤ មានរាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ និងខេត្តព្រះសីហនុ អភិបាលរាជធានី-ខេត្តទាំងនោះ ត្រូវធ្វើជាប្រធានដឹកនាំការងារ ដោះស្រាយផលប៉ះពាល់ដោយផ្ទាល់។

អនុវត្តតាមបទបញ្ជាខាងលើ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បានប្រជុំជំរុញឲ្យមន្រ្តីពាក់ព័ន្ធ អនុវត្តដោយយកចិត្តទុកដាក់បំផុត ដោះស្រាយលើផលប៉ះពាល់ពីគម្រោងនេះ ពិសេសបង្គោលទាំង១០ ក្នុងទឹកដីរាជធានី ឲ្យមានប្រសិទ្ធភាព តាមផែនការ។

លោកអភិបាល បានស្នើឲ្យមន្រ្តីអនុវត្តទាំងអស់ ត្រូវសហការគ្នា ធ្វើការឲ្យមានប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌ មិនលំអៀង ឬទំនោទៅរកបុគ្គលណាមួយនោះឡើយ ត្រូវសិក្សាឲ្យបានល្អិតល្អន់ តាមគន្លងខ្សែបញ្ជូនចរន្តអគ្គិសនី ទាំង១០បង្គោល ដោយអញ្ជើញគ្រប់ភាគីពាក់ព័ន្ធមកប្រឹក្សា ពិភាក្សា តាមផ្លូវច្បាប់ ស្វែងរកយន្តការដោះស្រាយឲ្យបានលឿន និងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានោះ លោកអភិបាល ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានផលប៉ះពាល់ខាងលើ មេត្តាយោគយល់ អធ្យាស្រ័យ និងចូលរួមសហការឲ្យបានល្អ ជាមួយមន្រ្តីគ្រប់ផ្នែក ដោយគិតគូរពីផលប្រយោជន៍រួម ប្រសើរជាងផលប្រយោជន៍ឯកជន ដោយទទួលយកនូវការដោះស្រាយ គោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាឲ្យការសាងសង់ទទួលបានជោគជ័យតាមផែនការ៕

Advertising