(ភ្នំពេញ)៖ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ គ.ស ២០១៩ ត្រូវចូលមកដល់នៅថ្ងៃអាទិត្យ ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ម៉ោង១៥៖១២នាទី។ ពិធីបុណ្យដ៏ធំរបស់ជាតិខ្មែរនេះ ត្រូវប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០១៩។

នៅពេលនេះ បណ្តាញព័ត៌មាន Fresh News សូមដកស្រង់នូវមហាសង្ក្រាន្ត ឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ គ្រឹស្តសករាជ ២០១៩ ពីសៀវភៅសង្ក្រាន្តឆ្នាំថ្មី របស់លោក អ៉ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ មកជម្រាបជូនដូចតទៅ៖

ព្រះពុទ្ធសករាជ ព្រះសាសនាអតិក្កន្តាកន្លងទៅហើយបាន២៥៦២ ត្រឹមថ្ងៃសៅរ៍១៥កើត ខែពិសាខ លុះដល់ថ្ងៃ១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក តទៅចូលពុទ្ធសករាជ ២៥៦៣។

នឹងគណនាឆ្នាំកុរ ឥឡូវនេះ សង្ក្រាន្តចូលមកនៅថ្ងៃអាទិត្យ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៩ វេលាម៉ោង១៥៖១២នាទី។ ពេលនោះព្រះអាទិត្យ ចេញពីមីនរាសី ទៅឋិតនៅឯមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្ដាលទើបមានទេវធីតាមួយ ព្រះអង្គនាមគ្គនាយិកា ព្រះនាម ទុស្សទេវី ជាបុត្រីទី១ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ក្រហម លម្អនៅព្រះកាណ៌ដោយផ្កាទទឹម អភរណៈ បទុមរាគ ភក្សាហារទ្រង់ផ្លែ ឧទុម្ពរ ព្រះហស្តស្តាំទ្រង់កងចក្រ ព្រហស្តឆ្វេងទ្រង់ស័ង្ខ ទ្រង់អង្គុយពាក់ឆៀងលើខ្នង ស្តេចគ្រុឌ ដែលជាពាហនៈ។

ទើបនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដិ ហោះទៅកាន់គុហាកែវធម្មមាលី នាទីភ្នំកៃលាសខេត្តហិមពាន្ត ជាទីតំកល់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ដែលតំកល់លើពានមាសនាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដិចូលទៅ ស្រង់ទឹកអនោតត្តមហាស្រះដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោឧសភរាជទាំង៧ត្រជាក់ក្សេមក្សាន្តព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅ សមាទានរក្សាសីល ដោយសោមនស្សរីករាយគ្រប់ៗព្រះអង្គ ក្នុងភគវតីសភាសាលាដែលព្រះវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោបង់អពមង្គលឲ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្តី ជ័យមង្គលជន្មាយុយឺនយូរដល់ទេវតា និងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះ បានទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅ។

ថ្ងៃអាទិត្យ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៩ វេលាម៉ោង១៥៖១២នាទី ជាថ្ងៃចូលឆ្នាំកុរឯកស័ក (ជាវារៈមហាសង្ក្រាន្ត)។ ថ្ងៃចន្ទ១១កើតខែចេត្រ ត្រូវថ្ងៃទី១៥ មេសា គ.ស.២០១៩ ជាវារៈវិន័បត។ ថ្ងៃអង្គារ១២កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស.២០១៩ វេលាម៉ោង១៩៖១២នាទី០០វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃស្រេចបរិបូណ៌ចូលជាសកល ឆ្នាំកុរឯកស័ក ម.ស. ១៩៤១ ចុ.ស.១៣៨១តទៅ។

ក្នុងឱកាសសង្ក្រាន្តទាំង៣ថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំពលិការគ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់ អន្យតិរី្ថយជាចិត្តអប្រិយ៍ ជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញាធ្វើបុណ្យសុន្ទរ៍ទាន តាមប្រពៃណី រក្សាសីលប្រាំឲ្យបានជាប់ជានិច្ច នោះទេវតានឹងឲ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ។

* រណ្តាប់ទទួលទេវតា

រណ្តាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះ មួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍ បាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ធូប៥ លាច៥ផ្កា៥ ដាក់លើជើងពាន១គូចេកនួនចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខ រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។

ស្រេចហើយនៅវេលាម៉ោងដែលទេវតា ចុះមកត្រូវជួបប្រជុំក្រុមគ្រួសារ ដើម្បីថ្វាយបង្គំព្រះនមស្សការព្រះរតនៈត្រ័យសមាទានសីល ហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹង គិតទៅលើព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា។

ចំពោះបាយសី៩ថ្នាក់៧ថ្នាក់ ជាទំនៀមមានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាស និងមានអនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្ត្រគួរធ្វើត្រឹម៥ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជាដែលមានទៀនប្រាំ ធូបប្រាំស្លាធម៌កូនចេកមួយគូក៏ល្មមសមគួរដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រគួររៀប ឲ្យបានត្រឹម៣ ឬ៥មុខជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ ត្រូវដាក់ផ្កាម្លិះភួងពីលើ គ្រប់ដង្វាយនៅលើជើងពាន និងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ។

* ទំនាយប្រចាំឆ្នាំ

កេណ្ឌព្រះពិរុណសាស្រ្ដ៖ ឆ្នាំនេះ ភពព្រហស្បតិ៍ ជាអធិបតី ដឹកនាំផ្លូវទៅសុំទឹកភ្លៀងពីស្ដេចនាគ ហើយបាននាគ៥ បង្ហូរទឹកភ្លៀង៥០០មេ ចែកចេញជា៖
- ចក្រវាឡ ២០០មេ
- ព្រៃហេមពាន្ត ១៥០មេ
- មហាសមុទ្រ១០០មេ
- និងជម្ពូទ្វីបមនុស្សលោកយើងមានចំនួន៥០មេ បណ្តាលឲ្យមានទឹកភ្លៀងនៅដើមឆ្នាំល្អ កណ្តាលឆ្នាំភ្លៀងតិច និងចុងឆ្នាំភ្លៀងច្រើន។

កណ្ឌធារាទិគុណ៖ ឆ្នាំនេះ មានកេណ្ឌ(១) ត្រូវត្រង់តេជោធាតុចុះទំនាយថា ភ្លើងកាចសាហាវជាងឆ្នាំមុនៗ។

ទំនាយទឹកទន្លេរ៖ ឆ្នាំនេះ ទំនាយអំពីទឹកទន្លេមានសំណល់៥ (ប្រាំ) ទំនាយថាទឹកទន្លេបឹងបួរតូចណាស់តូចជាងឆ្នាំទាំងពួង ។

កេណ្ឌធញ្ជាហារ៖ ឆ្នាំនេះ មានកេណ្ឌ (០) មានឈ្មោះថាបាប ទំនាយថា ស្រូវក្នុងស្រែចំការ បានផល១ភាគខូចខាតអស់ប្រាំបួនភាគ ស្រូវដុះល្អតែដំបូងនឹងកើតទុរឹ្ភក្សផ្សេងៗ។ ប្រជានុរាស្ត្រមានសេចក្តីទុក្ខលំបាក ព្រោះធញ្ញហារថ្លៃ តំបន់ខ្លះកើតអន្តរាយជាអនេក ទុក្ខលំបាក, ខ្សត់ខ្សោយ, ទីទល់ក្រ ព្រោះសត្វកណ្តុរបំផ្លាញដំណាំ។

ទំនាយការធ្វើស្រែ៖ ទំនាយកេណ្ឌការធ្វើស្រែមានសេស (៤) ទំនាយថា ស្រែដីទំនាប និងស្រែដីទួលគ្រប់ទីកន្លែងបានផលល្អដូចគ្នាទាំងពីរយ៉ាង។

កណ្ឌព្រឹក្សា៖ ឆ្នាំនេះ ត្រូវចំសេស៥ត្រូវត្រង់ ដើមរកាជាស្ដេច មានទំនាយថា មានភ្លៀងច្រើនទឹកនឹងលិចស្រូវ មនុស្សផងទាំងឡាយ ឥតមាកល្លិយុគស្រណុកជាពេក។

កណ្ឌព្រះអាទិត្យ៖ ឆ្នាំនេះ ព្រះអាទិត្យគឺខ្យល់ទៅទំនាយថា បន្ទាប់ពីថ្ងៃមហាសង្ក្រាន្តទៅពុំមានអន្ដរាយអ្វីឡើយ។

* ទំនាយតាមថ្ងៃសង្ក្រាន្ត

ទំនាយថ្ងៃមហាសង្ក្រាន្ត៖ ថ្ងៃចូលឆ្នាំ ត្រូវនឹងថ្ងៃអាទិត្យទំនាយថា ឆ្នាំនេះ នឹងការធ្វើស្រែមិនសូវបានផលល្អឡើយ។

ទំនាយថ្ងៃវ័នបត់៖ ថ្ងៃកណ្តាលត្រូវនឹងថ្ងៃចន្ទ ទំនាយថា ឆ្នាំនេះ អំបិលនឹងឡើងថ្លៃ ជំទាវ ខុណ្នាង នឹងក្តៅក្រហាយចិត្តប្រជានុរាស្ត្ររមែង នឹងកើតជំងឺគ្រុនរងាច្រើនជាអនេក។

ទំនាយថ្ងៃឡើងស័ក៖ ថ្ងៃចុងក្រោយត្រូវនឹងថ្ងៃអង្គារ ទំនាយថា ឆ្នាំនេះ រាជអាមាត្យមន្ត្រីតូចធំ នឹងប្រកបដោយសេចក្តីសុខត្រជាក់ត្រជុំ ព្រមដោយទ្រព្យសម្បត្តិបរិបូណ៌ ទោះបីមានការប្រយុទ្ធតស៊ូជាមួយបច្ចាមិត្ត។

* ការកំណត់ប្រតិទិន

ឆ្នាំនេះ ជាឆ្នាំប្រក្រតីមាស ប្រក្រតីវារៈប្រក្រតីសុទិនខែចន្ទគតិ មានចំនួន១២ខែ ឆ្នាំចន្ទគតិ មានចំនួន៣៥៤ថ្ងៃ។ ថ្ងៃក្នុងឆ្នាំសុរិយគតិមានចំនួន៣៦៥ថ្ងៃ។ ខែកុម្ភៈ ក្នុងឆ្នាំ២០១៩ មានចំនួន២៨ថ្ងៃ។

ចូលព្រះវស្សានៅថ្ងៃពុធ១រោច ខែអាសាឍ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា គ.ស.២០១៩ ជាវារៈចូឡាធិក បានឫក្ស២១ តិថី១៥ ជាកាលវស្សានរដូវត្រូវតាមគន្លងប្រពៃណី ពីបុរាណដែលមានព្រះអាទិត្យ ព្រះចន្ទចរជាប្រធានត្រឹមត្រូវ តាមចក្ររាសី ឲ្យបានដឹងកំណត់ទ្វាទសមាស ទើបធ្វើការសារពើបានចម្រើននូវសិរីសួស្តីជ័យមង្គលបរិបូណ៌ហោង៕