(ភ្នំពេញ)៖ ដោយអនុវត្តតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងសាធារណៈចំនួន ១២០គ្រឿងរួចរាល់ហើយ សម្រាប់ដឹកប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត និងពីតាមបណ្ដាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ រួមទាំងរថយន្តក្រុងចំនួន ១១៥គ្រឿង និងកាណូតដឹកអ្នកដំណើរចំនួន ៤គ្រឿងនៅរាជធានីភ្នំពេញដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

សកម្មភាពដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតដោយឥតគិតថ្លៃនេះ នឹងចាប់ផ្តើមពីថ្ងៃស្អែកនេះទៅ ដោយរយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ដោយចេញដំណើរចាប់ពីម៉ោង ៥៖៣០នាទីព្រឹក។ ផ្លូវដែលដាក់រថយន្តក្រុងសាធារណៈ ឲ្យប្រជាពលរដ្ឋជិះដោយឥតគិតថ្លៃ រួមមានផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៨។

ចំនួនរថយន្តដែលត្រូវរត់តាមផ្លូវជាតិរួមមាន៖ ផ្លូវជាតិលេខ១មាន ភ្នំពេញ-ខេត្តកណ្តាល-ស្វាយរៀង ចំនួន ៥គ្រឿង និងភ្នំពេញ-កណ្តាល-ព្រៃវែង ៥គ្រឿង សរុប១០គ្រឿង, ផ្លូវជាតិលេខ២ ភ្នំពេញ-តាកែវ ៥គ្រឿង, ផ្លូវជាតិលេខ៣ ភ្នំពេញ-កែប ៥គ្រឿង, ភ្នំពេញ-កំពត ៥គ្រឿងសរុប ១០គ្រឿង, ផ្លូវជាតិលេខ៤ ភ្នំពេញ -កំពង់ស្ពឺ ៣គ្រឿង, ភ្នំពេញ-ក្រុងព្រះសីហនុ ៧គ្រឿង សរុប១៣គ្រឿង, ផ្លូវជាតិលេខ៥ ភ្នំពេញ-កំពង់ឆ្នាំង ៥គ្រឿង ភ្នំពេញ-ពោធិសាត់ ១០គ្រឿង ភ្នំពេញ-បាត់ដំបង ១៥គ្រឿង ភ្នំពេញ-បន្ទាយមានជ័យ ១៥គ្រឿង សរុប៤៥គ្រឿង, ផ្លូវជាតិលេខ៦ ភ្នំពេញ-កំពង់ធំ ៥គ្រឿង, ភ្នំពេញសៀមរាប ១៥គ្រឿង សរុប២០គ្រឿង, ផ្លូវជាតិលេខ៦ និងលេខ៧ ភ្នំពេញ-កំពង់ចាម ៥គ្រឿង ភ្នំពេញ-ត្បូងឃ្មុំ ៥គ្រឿង សរុប១០គ្រឿង, ផ្លូវជាតិលេខ៦ និងលេខ៨ ភ្នំពេញ-ក្រចេះ ៥គ្រឿង ភ្នំពេញ-ស្ទឹងត្រែង ៥គ្រឿង សរុប១០គ្រឿង។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចេញរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ ចំនួន១២០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីភ្នំពេញ ទៅតាមបណ្តាខេត្តនានា ដោយឥតគិតថ្លៃ រយៈពេល៧ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ការថ្លែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញ ក្នុងពិធីពិសាបាយសាមគ្គី ជាមួយកីឡាករ កីឡាការិនីជាង៤ពាន់នាក់ នៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការសម្រេចបញ្ចេញរថយន្តក្រុងសាធារណៈចំនួន ១២០គ្រឿងនេះ ដោយសារតែសម្តេចធុញទ្រាន់ ក្នុងការនិយាយជាមួយក្រុមហ៊ុនឯកជន ដែលតែងតែដំឡើងថ្លៃឈ្នួលរថយន្ត ក្នុងឱកាសបុណ្យចូលឆ្នាំ។ លើសពីនេះទៀតនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ក្នុងរយៈពេល៧ថ្ងៃនៃឱកាសបុណ្យចូលឆ្នាំថ្មី ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក៏អាចជិះរថយន្តក្រុងសាធារណៈ និងការដឹកជញ្ជូនតាមកាណូត ដោយមិនគិតថ្លៃផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែផ្តល់ការជិះរថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំនោះទេ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានផ្តល់ជូនប្រជាពលរដ្ឋ នូវការជិះរថភ្លើងទៅស្រុកកំណើត ក្នុងពេលបុណ្យចូលឆ្នាំថ្មី ដោយឥតគិតថ្លៃផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីរំពឹង និងជឿជាក់ថា បុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ប្រជាពលរដ្ឋកម្ពុជា នឹងទទួលបានភាពរីករាយ ក្នុងការធ្វើដំណើរ ព្រោះតែរាជរដ្ឋាភិបាលបានរៀបចំការដឹកជញ្ជូនដោយឥតគិតថ្លៃ៕

ដើម្បីកាន់តែងាយស្រួល រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញទីតាំងដែលបងប្អូនប្រជាពលរដ្ឋ អាចឡើងជិះរថយន្តក្រុងដោយឥតគិតថ្លៃ ដូចខាងក្រោមនេះ៖