(ភ្នំពេញ)៖ ស្ថិរភាពនយោបាយ ជាមួយកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយ ក្នុងមួយឆ្នាំៗរបស់កម្ពុជា បានជំរុញដល់វិស័យអចលនទ្រព្យក្នុងប្រទេស ឱ្យមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រុមហ៊ុនអចលនទ្រព្យជាច្រើន កំពុងទទួលបានជោគជ័យក្នុងវិស័យអចលនទ្រព្យនេះ ព្រមទាំងបានយកឱកាសនេះ ពង្រីកវិសាលភាពរបស់ខ្លួនកាន់តែប្រសើរជាងមុនផងដែរ។

ដើម្បីថ្លែងអំណរគុណដល់ដៃគូនានា ដែលបានចូលរួមចំណែកជំរុញដល់ភាពជោគជ័យ ក្នុងវិស័យអចលនទ្រព្យរបស់ខ្លួន កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ក្រុមហ៊ុនអចលនទ្រព្យចំនួន៣ ក្នុងនោះមាន ក្រុមហ៊ុន ATSOLUTION , ក្រុមហ៊ុន G.S.R រៀលអីស្ទែត និង ក្រុមហ៊ុន G.C.A រៀលអីស្ទែត បានរៀបចំ ពិធីជួបជុំសមាជិករបស់ខ្លួន ដើម្បីអបអរសាទរនៅក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ជាមួយគ្នានេះ ក្រុមហ៊ុនទាំង៣ ក៏បានចុះអនុស្សារណៈជាមួយគ្នាផងដែរ ដើម្បីរួមគ្នាអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា ឱ្យកាន់តែខ្លាំងក្លាថែមទៀត។

លោក​ ឡែមឌឿន ដាឡឹម អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ATSOLUTION បានថ្លែងថា អនុស្សារណៈនៃការយោគយល់គ្នានេះ នឹងជួយជំរុញដល់ការលក់អចលនទ្រព្យ ដែលជាផ្នែកដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនខ្លាំងឡើងៗថែមទៀត។

លោក ឡែមឌឿន ដាឡឹម បានបន្តថា ស្ថិរភាពនយោបាយ ជាមួយនឹងកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា បូករួមទាំងតម្រូវការរបស់ប្រជាពលរដ្ឋថែមទៀតនោះ បានផ្តល់ទំនុកចិត្តខ្ពសដល់វិនិយោគិនលើវិស័យអចលនទ្រព្យ ឱ្យបណ្តាក់ទុនបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា ហើយលោកសង្កេតឃើញថា បច្ចុប្បន្ននេះ វិនិយោគិនវ័យក្មេងជាច្រើនបានកំពុងទទួលជោគជ័យជាមួយវិស័យនេះ។

សូមបញ្ជាក់ថា បើទោះបីជា ទុនវិនិយោគក្នុងវិស័យសំណង់នៅក្នុងឆ្នាំ២០១៨ បានធ្លាក់ចុះបន្តិចមែន ក៏ប៉ុន្តែអ្នកជំនាញក្នុងវិស័យអចលនទ្រព្យកម្ពុជានៅតែមានសុទិដ្ឋិនិយមខ្ពស់ថា វិស័យនេះនឹងបន្តកំណើននៅឆ្នាំ២០១៩នេះ ដែលនឹងជំរុញដោយលំហូរវិនិយោគិន និងជនជាតិចិន។ របាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្នុងឆ្នាំ២០១៨កន្លងទៅ កម្ពុជាបានផ្តល់ការអនុញ្ញាតលើគម្រោងសាងសង់សរុប ២ ៨៦៧គម្រោង ដែលមានតម្លៃប្រមាណ ៥ ២២៨ លានដុល្លារ៕