(ភ្នំពេញ)៖ ពិធីបុណ្យចូលឆ្នាំថ្មី ឬសង្រ្កាន្ត គឺជាពិធីបុណ្យដ៏សំខាន់មួយរបស់ប្រជាពលរដ្ឋខ្មែរ ហើយពលរដ្ឋតែងតែនិយមរៀបចំតុបតែងផ្ទះទៅតាមចំណងចំណូលចិត្តរបស់ខ្លួន ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។ យ៉ាងណាបច្ចុប្បន្ននេះ គេនៅតែសង្កេតឃើញថា ពលរដ្ឋជាច្រើននៅតែបន្តការរៀបចំតុបតែងផ្ទះទៅតាមបែបផែនបុរាណដដែល ជាពិសេសនៅតាមក្រុមហ៊ុន និងអង្គភាពសុទ្ធសឹងតែមានការរៀបចំមានដូចជា គោមផ្កាយ មួកត្នោត ស្លឹកត្នោត ក្រមារ ឬអាចមានផ្លែឈើខ្មែរផ្សេងៗដូចជាផ្លែត្នោត ផ្លែដូង និងល្ពៅជាដើម។

តួយ៉ាងម្ចាស់សិប្បកម្មធ្វើគោមផ្កាយមួយកន្លែងបានឲ្យដឹងថា នៅក្នុងឆ្នាំថ្មីនេះ ពលរដ្ឋមានការនិយមដាក់គោមផ្កាយច្រើនជាងឆ្នាំកន្លងទៅ រហូតមានការរំពឹងថា នៅក្នុងឆ្នាំ២០១៩នេះ អាចរកប្រាក់ចំណេញជាង១ម៉ឺនដុល្លារឯណោះ។ នេះបើតាមការបញ្ជក់ពីរបស់អ្នកស្រី ចៀវ ចាន់ស្រីណុច។ ឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រជាពលរដ្ឋមួយចំនួនដែលមានចំងល់ថាគោមផ្កាយនេះ ជាទំនៀបទំលាប់របស់ខ្មែរមែនឬយ៉ាងណា អ្នកស្រី ចៀវ ចាន់ស្រីណុច បានឲ្យដឹងថា គោមផ្កាយគឺពិតជាសម្ភារលម្អរបស់ខ្មែរពិតប្រាកដមែន តែត្រូវបាត់បង់មួយរយៈដោយសារកម្ពុជាជួបប្រទះសង្រ្គាមក្នុងរបបខ្មែរក្រហម។

តែក្រោយពេលប្រទេសជាតិមានការរីកចម្រើន ទើបប្រជាពលរដ្ឋចាប់ផ្ដើមប្រើប្រាស់គោមផ្កាយឡើងវិញ ហើយប្រើប្រាស់កាន់តែច្រើននៅក្នុងរដូវការចូលឆ្នាំខ្មែររយៈពេល៣,៤ឆ្នាំចុងក្រោយនេះ។ មិនតែប៉ុណ្ណោះអាជីករខាងលើក៏បានប្រាប់ពីអត្ថន័យនៃការលម្អគោមផ្កាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីថា «តាមផ្ទះឥលូវឃើញថា៦០ភាគរយហើយ ចំណែកឯតាមក្រុមហ៊ុន និងហាងវិញក៏មានការតាំងគោមផ្កាយច្រើនដែរ។ គោមផ្កាយនេះ មានអត្ថន័យខ្លាំងណាស់ គឺតំណាងឲ្យភាពរុងរឿងត្រចះត្រចង់ភ្លឺស្វាយ ដើម្បីទទួលសិរីសួស្ដីក្នុងឆ្នាំថ្មី»

មិនត្រឹមតែអ្នកធ្វើសិប្បកម្មផ្ទាល់ឡើយដែលលក់ចំណេញបានច្រើនដោយសារតែគោមផ្កាយមានការពេញនិយមខ្លាំងនោះ សូម្បីតែអ្នកទទួលយកទៅលក់បន្តក៏សង្កេតឃើញថា សន្ទុះនៃការគាំទ្ររបស់ពលរដ្ឋលើគោមផ្កាយកាន់តែមានភាពកើនឡើងផងដែរ។ សន្ទុះនៃការគាំទ្រកើនឡើងដោយសង្កេតឃើញថា ចាប់តាំងពីពិធីបុណ្យចូលឆ្នាំចិនកន្លងទៅភ្លាម តាមក្រុមហ៊ុន និងហាងមួយចំនួនចាប់ផ្ដើមទិញសម្ភារតុបតែងត្រៀមចូលឆ្នាំខ្មែរទៅហើយ សកម្មភាពនេះលឿនប្លែកខុសពីឆ្នាំកន្លងទៅ។

ការនិយមគាំទ្ររបស់ពលរដ្ឋខ្មែរលើគោមផ្កាយបែបនេះមិនត្រឹមតែជួយចូលរួមថែរក្សាប្រពៃណីជាតិខ្មែរនោះទេ តែថែមទាំងចូលរួមបង្កើនការងារមុខរបរដល់ពលរដ្ឋខ្មែរផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក សុខ លី អាជីវករលក់រាយសម្ភារលម្អផ្ទះជាច្រើនប្រភេទ។

លោក សុខ លី បញ្ជាក់យ៉ាងដូច្នេះ៖ «ពលរដ្ឋភាគច្រើនគាត់ទិញគោមផ្កាយ ទង់ចម្រុះពណ៌ មានទ្រូ មានអង្រត់ជាដើម ដែលជាគ្រឿងតំណាងឲ្យប្រពៃណីខ្មែរយើង។ ទាំងអស់នេះគឺជាបែបខ្មែររបស់យើងតែម្ដង អត់មានក្រៅមកទេ គឺធ្វើដោយដៃខ្មែរយើងទាំងអស់ ខ្ញុំកម្ម៉ង់ឲ្យអ្នកខេត្តធ្វើ ពីព្រោះដើម្បីឲ្យគាត់មានការងារធ្វើមិនបាច់ទៅធ្វើការនៅក្រៅប្រទេស»

ពិតណាស់នៅក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ យើងឃើញថានៅតាមស្ថាប័នក្រុមហ៊ុន មានការតុបតែងលម្អសម្ភារប្រើប្រាស់ខ្មែរ ដែលហាក់នាំអារម្មណ៍អ្នកទីក្រុងខិតទៅជនទីជនបទ ស្រស់ថ្លាបែបនោះដែរ។ អ្នកស្រី ហឿន ចរិយា ជាអ្នកស្រ្តីមេផ្ទះមួយរូបបាននាំកូនស្រីតូចៗ២នាក់មកទិញចង្កៀងគោមផ្កាយ បានឲ្យដឹងថា ផ្ទះរបស់អ្នកស្រីតាំងពីដើមមកតែងតែរៀបចំដាក់គោម ភ្លើងបំភ្លឺផ្សេងៗនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី។ ហើយអ្វីដែលអ្នកស្រីចាប់អារម្មណ៍ក្នុងឆ្នាំថ្មីនេះ គឺទីក្រុងភ្នំពេញបានរៀបចំយ៉ាងស្រស់ស្អាតបែបខ្មែរបុរាណ ហើយធ្វើឲ្យអ្នកស្រីស្រម៉ៃដល់ស្រុកស្រែចំការទៀតផង។

អ្នកស្រី ហឿន ចរិយា បញ្ជាក់យ៉ាងដូច្នេះ៖ «ខ្ញុំមកទិញគ្រឿងតុបតែងផ្ទះសម្រាប់ទទួលឆ្នាំថ្មី ទិញផ្កាយ ទិញទងចម្រុះពណ៌ ទង់សាសនា និងគ្រឿងលម្អផ្សេងទៀតថ្ងៃចូលឆ្នាំ។ ព្រោះដើម្បីអបអរពេលដែលយើងរៀបចំទទួលឆ្នាំថ្មីពេលយើងរៀបចំអីចឹង មានអារម្មណ៍ថារំភើប សម្រាប់ទទួលឆ្នាំថ្មីហ្មង ហើយដល់ពេលថ្ងៃចូលឆ្នាំឃើញម្នាក់ៗរៀបចំរបៀបខ្មែរអីចឹង មើលទៅដូចយកស្រុកស្រែមកនៅក្នុងក្រុង ឃើញហើយសប្បាយហ្មង»។  ក្រៅពីស្រ្តីមេផ្ទះ យើងក៏បានជួបជាមួយតំណាងខាងក្រុមហ៊ុនផងដែរ ដែលកំពុងស្វែងរកទិញសម្ភារលម្អជាច្រើន យកទៅតុបតែងនៅស្ថាប័នរបស់គាត់ នោះគឺលោក ហ៊ុន លាង។ ការតុបតែងស្ថាប័នរបស់លោក ក៏ព្រោះតែប្រធានផ្នែកទីផ្សាររូបនេះ ជឿជាក់ថាអាចផ្ដល់សិរីសួស្ដីដល់ស្ថាប័នរបស់លោក។

លោក ហ៊ុន លាង បញ្ជាក់យ៉ាងដូច្នេះ៖ «ខ្ញុំគិតថាយើងទិញទង់ជាតិទង់សាសនា ឬទង់ផ្សេងៗដើម្បីតុបតែងនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ គឺដើម្បីសុំសិរីសួស្ដី ហើយម្យ៉ាងវិញទៀត គឺដើម្បីឲ្យហេងៗនៅក្នុងឱកាសចូលឆ្នាំថ្មី ព្រោះថាប្រជាជនខ្មែររបស់យើង អ្នកមានជំនឿកាន់ព្រះពុទ្ធសាសនា ជាង៩៥ភាគរយ ហេតុដូច្នេះហើយទើបគាត់ទិញសម្ភារទាំងអស់នេះ ដើម្បីតុបតែងផ្ទះរបស់គាត់។ ក្រៅពីនៅកន្លែងធ្វើការ នៅក្នុងផ្ទះរបស់ខ្ញុំក៏ខ្ញុំដាក់ដែរ គឺដាក់ទង់សាសនា និងទង់ជាតិព្រោះតំណាងឲ្យព្រះពុទ្ធសាសនា បានជាយើងរៀបចំទងជាតិ ទង់សាសនា និងទង់ជ្វាលាផ្សេងៗ ដើម្បីអបអរសាទរ និងសូមសិរីសួស្ដីក្នុងឆ្នាំថ្មី»

ពិតណាស់ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាពិធីដ៏សំខាន់មួយសម្រាប់ពលរដ្ឋខ្មែរ ដែលត្រូវប្រារព្ធឡើងរយៈពេល៣ថ្ងៃ ដោយនៅមុនពិធីបុណ្យចូលឆ្នាំមកដល់គេត្រូវរៀបចំតុបតែងសម្អាតផ្ទះសម្បែង និងទិញសម្លៀកបំពាក់ថ្មី។ ថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំខ្មែរគឹហៅថា ថ្ងៃសង្ក្រាន្ត ថ្ងៃទី២ ជាថ្ងៃវារវ័នប័ត ហើយថ្ងៃទី៣ជាថ្ងសចុងក្រោយគេហៅថាថ្ងៃឡើងសក្តិ។
ចំណែកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងឆ្នាំ២០១៩នេះ ត្រូវនិងឆ្នាំកុរ ហើយប្រារព្ធឡើងរយៈពេល៣ថ្ងៃពោលគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា៕