(ភ្នំពេញ)៖ ក្រុមហ៊ុន Signatures of Asia ដែលជាក្រុមហ៊ុននាំចេញផលិតផលកសិកម្មដ៏ធំមួយ នៅប្រទេសកម្ពុជា មានដូចជា អង្ករ អង្ករសរីរាង្គ ស្ករត្នោតសរីរាង្គ រួមទាំងកសិផលជាច្រើនមុខទៀត បានប្រមូលផ្តុំដៃគូចុះអនុស្សរណៈយោគយល់គ្នា ( MoU ) ក្នុងភាពជាដៃគូយូរអង្វែង ដើម្បីជាការចូលរួមចំណែកក្នុងការលើកកម្ពស់ ខ្សែសង្វាក់តម្លៃកសិកម្មប្រកបដោយចីរភាព និងធ្វើយ៉ាងណាទ្រទ្រង់វិស័យនេះឱ្យមានភាពរីកចម្រើន ដោយផ្សាភ្ជាប់តាំងពីរការដាំដុះ រហូតដល់ទីផ្សារលក់ចេញ។

ពិធីនេះចុះអនុស្សរណៈយោគយល់គ្នា( MoU )នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ ក្រោមអធិបតីលោកឧកញ៉ា ចាន់ សុឃាំង អគ្គនាយកក្រុមហ៊ុន Signatures of Asia នៅភោជនីដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ហើយនេះជាជំហានថ្មីដែលក្រុមហ៊ុន និងដៃគូសហការរួមគ្នាជាមួយសហគមន៍ និងស្ថាប័ន ក្រុមហ៊ុនចំនួន៧ទៀតបានចុះ MoU ជាមួយគ្នា ពិធីនេះក៏មានក្រុមហ៊ុនបញ្ជាទិញដ៏ធំមួយនៅអឺរ៉ុបបានចូលរួមផងដែរ។

លោកឧកញ៉ា ចាន់ សុឃាំង បានថ្លែងថា ក្រោមក្របខ័ណ្ឌនៃផលិតកម្មកសិកម្មតាមកិច្ចសន្យា ក្រុមហ៊ុន ស៊ីកនេតឈ័រ អហ្វអេស៊ា បានចុះហត្ថលេខាទិញស្រូវសរីរាង្គនៅខេត្តព្រះវិហារ ស្ទឹងត្រែង កំពង់ធំ និងបានចុះហត្ថលេខាទិញស្ករត្នោតពីខេត្តកំពង់ស្ពឺ ស្វាយរៀង កំពង់ធំ ដោយធ្វើការសហការជាមួយសហគមន៏ចំនួន១៥សហគមន៏កសិកម្ម និងផ្តល់ទីផ្សារដល់កសិករជាង ៣,០០០គ្រួសារ។ កសិផលដែលក្រុមហ៊ុន ចុះកិច្ចសន្យាទិញពីសហគមន៏សុទ្ទតែទទួលបាននូវតម្លៃទីផ្សារខ្ពស់ និងមានតម្លៃបន្ថែម ដែលនេះជាផ្នែកមួយចូលរួមអភិវឌ្ឍន៏ ខ្សែសង្វាក់តម្លៃកសិកម្មនៅកម្ពុជា ដែលអាចចូលរួមលើកកំពស់ជីវភាពរបស់កសិករ ក្នុងតំបន់គោលដៅ ក្នុងទិសដៅអាជីវកម្មដែលមានចីរភាព។

លោកឧកញ៉ាបានថ្លែងបន្តទៀតថា ឆ្លងកាត់បទពិសោធន៏ធ្វើជំនួញវិស័យកសិកម្មនេះ យើងក៏បានមើលឃើញឱកាស និងបញ្ហាប្រឈមនានា ចំពោះវិស័យកសិកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់នេះ ជាពិសេសចំពោះផ្នែកផលិតកម្មផ្គត់ផ្គង់ មានភាពខ្វះខាតផ្នែកហិរញ្ញវត្ថុ ជំនាញដាំដុះ គ្រឿងយន្តកសិកម្ម ធាតុចូលកសិកម្ម គ្រោះធម្មជាតិជាដើម ដែលនេះជាផ្នែកមួយធ្វើឱ្យមានភាពយឺតយ៉ាវ ក្នុងការអភិវឌ្ឍកសិកម្ម និងមានបញ្ហាប្រឈមដល់ចីរភាពនៃការផ្គត់ផ្គង់ផងដែរ។

អគ្គនាយកក្រុមហ៊ុនរូបនេះ បានបន្តថា ក្រុមហ៊ុន ស៊ីកនេតឈ័រ អហ្វអេស៊ា និងដៃគូជាជាច្រើន បានមកចូលរួមក្នុងពិធីចុះហត្ថលេខា លើអនុស្សរណយោគយល់ និងសហការ ក្រោមប្រធានបទ «ភាពជាដៃគូនៃខ្សែសង្វាក់តម្លៃកសិកម្មប្រកបដោយចីរភាព» នេះដែលបានផ្តួចផ្តើមឡើង បន្ទាប់ពីបានធ្វើកិច្ចសហការជាមួយដៃគូមួយចំនួន ដែលមានវត្តមានជាង៥ឆ្នាំមកហើយ និងមានការពិភាក្សាគ្នាយ៉ាងផុលផុស ដើម្បីរកដំណោះស្រាយរួមគ្នាដើម្បីវិស័យកសិកម្ម និងកសិករយើង ឈរលើគោលការណ៍អភិវឌ្ឍន៏ប្រកបដោយចីរភាព និងបង្កើតនូវសក្តានុពលលើតម្លៃបន្ថែម។ អ្វីដែលពិសេសទៀតនោះ យើងមានដៃគូទិញកសិផលរបស់យើងនៅអឺរ៉ុប បានមកចូលរួមជាមួយយើង ក្នុងបេសកម្ម នាំទៅរកភាពរីកចម្រើនដល់កសិករយើងក្នុងពេលអនាគត។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីនោះផងដែរ ដៃគូពាក់ព័ន្ធដូចជាស្ថាប័នមីក្រូហិរញ្ញវត្ថុ AMK មានការសប្បាយចិត្តផ្តល់ហិរញ្ញប្រទានដល់សហគមន៏ ដែលជាដៃគូរបស់ក្រុមហ៊ុន ស៊ីកនេតឈ័រ អហ្វអេស៊ា ចំណែកអ្នកបញ្ជាទិញក្រៅស្រុកសន្យាថា នឹងទិញកសិផលសរីរាង្គចំនួន៣៥មុខ ពីសហគមន៏តាមរយៈក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុន Agri Smart ក៏ផ្តល់ម៉ាស៊ីនដាំស្រូវ ដែលធ្វើឱ្យកសិករបានចំណេញជាងមុន ក្រុមហ៊ុនជីធម្មជាតិជប៉ុនសញ្ញផែនដី នឹងផ្តល់ជីសរីរាង្គដល់កសិករ ក្រុមហ៊ុនធានារ៉ាប់រង Forte និងធ្វើជាដៃគូធានារ៉ាប់រង លើការខូចខាតដំណាំ ដែលបណ្តាលមកពីគ្រោះធម្មជាតិ អង្គការ CIRD នៅតែបន្តជួយលើផ្នែកបច្ចេកទេសគ្រប់គ្រងស្តង់ដារសរីរាង្គ អង្គការ World Vision បន្តជួយដល់កសិករក្នុងគំរោងគោលដៅរបស់ខ្លួនផងដែរ៕