(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ក្នុងនាមជាកងទ័ព ចាំបាច់បំផុតត្រូវតែមានការហ្វឹកហ្វឺនហាត់ ឱ្យបានជាប់ជាប្រចាំ ទាំងជំនាញយោធា ចំណេះដឹងទូទៅ ភាសាបរទេស និងជំនាញឯកទេសផ្សេងៗ ដើម្បីមានគ្រប់លទ្ធភាពក្នុងការចូលរួមការពារជាតិ មាតុភូមិ អធិបតេយ្យជាតិ បូរណភាពទឹកដី និងរាជរដ្ឋាភិបាលស្របច្បាប់។

ការបញ្ជាក់របស់នាយឧត្តមសេនីយ៍ បានធ្វើឡើង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល នាយទាហានសកម្មជំនាន់ទី២៣ នៅឯសាលានាយទាហានសកម្ម នៃកងយោធពលខេមរភូមិន្ទ ក្នុងខេត្តកំពង់ស្ពឺ។

មេទ័ពជាន់ខ្ពស់រូបនេះ ក៏បានប្រាប់នាយទាហានទាំងអស់ ត្រូវបន្តពង្រឹងការសាមគ្គី ឯកភាពផ្ទៃក្នុង ការស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីឆន្ទៈប្រជាជន និងការគាំទ្ររបស់រាជរដ្ឋាភិបាល គឺជាភាពជោគជ័យ ក្នុងការទទួលបានសុខសន្តិភាព និងភាពរីកចម្រើន នាពេលកន្លងមក ហើយត្រូវបន្តពង្រឹងថែមទៀត លើការគាំទ្រប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំបំពេញការងាររបស់ថ្នាក់ដឹកនាំ យោធាចារ្យ បុគ្គលិកបម្រើការ និងនាយទាហានទាំងអស់របស់សាលា ដែលកន្លងមក បានសហការគ្នាយ៉ាងល្អ ក្នុងការរៀបចំឱ្យមានកម្មវិធីសក្សា និងកិច្ចដំណើការនូវវគ្គហ្វឹកហ្វឺនជាច្រើនសំដៅពង្រឹងពង្រីកសមត្ថភាពកងទ័ពរបស់យើងឱ្យកាន់តែមានគុណភាព ដែលអាចពង្រឹងប្រៀបការពារជាតិ ការពារបូរណភាពទឹកដីកម្ពុជា ឱ្យកាន់តែរឹងមាំ។

ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ ក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចពិជ័យសេនា ទៀ បាញ់ ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ផ្ញើជូនចំពោះនាយទាហាន នាយទាហានរង ពលទាហាន យោធាចារ្យ និងសិក្ខាកាមនាយទាហានសកម្មទាំងអស់ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរផងដែរ៕