(ភ្នំពេញ)៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា វិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា នឹងមានការផ្សាយបន្តផ្ទាល់ពីកម្មវិធីសង្រ្កាន្ត ដែលរៀបចំនៅតាមបណ្ដារខេត្តផ្សេងៗចំនួន៨ខេត្ត ដោយក្នុងមួយថ្ងៃអាចផ្សាយចាប់ពី២ ទៅ៣ខេត្ត ទៅតាមកម្លាំងផ្សាយ។

ការចូលរួមផ្សព្វផ្សាយកម្មវិធីសង្រ្កាន្តនេះ គឺធ្វើឡើងដើម្បីចូលរួមចំណែកផ្សព្វផ្សាយពីទីតាំងរម្មណីយ៍ដ្ឋាន នៅតាមបណ្ដាខេត្តដែលប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅមិនទាន់បានស្គាល់នៅឡើយ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោករដ្ឋមន្រ្តី នៅក្នុងពីធីអបអរសាទពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលធ្វើឡើងនៅក្រសួងព័ត៌មាន។

លោកខៀវ កាញារីទ្ធ បានឱ្យដឹងថា គ្រប់ប្រធានមន្ទីរគ្រប់ខេត្តក្រុង អាចថតវីដេអូពាក់ព័ន្ធនឹងសង្រ្កាន្តនៅតាមរបស់ខ្លួន រួចផ្ញើមកកាន់ទូរទស្សន៍ និងវិទ្យុជាតិដើម្បីអាចចជួយផ្សព្វផ្សាយបានកាន់តែច្រើន។

ការបង្ហាញអំពីព្រឹត្តិការណ៍សង្ក្រាន្តដែលជាសកម្មភាពសប្បាយរីករាយ ប្រកបដោយភាពរីកចម្រើនទូទាំងប្រទេសនេះ ត្រូវបានលោក ខៀវ កាញ៉ារិទ្ធ បញ្ជាក់ថា «ដើម្បីបង្ហាញអំពីប្រពៃណីទំនៀមទម្លាប់ និងលក្ខណៈពិសេសរបស់ខេត្តនីមួយៗ ដោយកន្លងមកយើងឃើញមានតែនៅខេត្តសៀមរាប តែឥឡូវនេះយើងឲ្យខេត្តនីមួយៗធ្វើខ្លួនគាត់ និងអាចបំផុសកន្លែងនីមួយៗរបស់គាត់។ អីចឹងក្នុងមួយឆ្នាំៗ យើងអាចខេត្តនេះ មានចំណុចខ្លាំងកន្លែងនេះ ឬចំណុចល្អកន្លែងនេះ ដូច្នេះហើយក្នុងមួយឆ្នាំៗខេត្តនីមួយៗ នឹងប្រឹងរកសក្តានុពលរបស់ខ្លួន ដើម្បីទាក់ទាញទេសចរណ៍ ក៏ដូចជាអភិវឌ្ឍន៍តំបន់នោះដែរ»

យ៉ាងណាមិញ លោករដ្ឋមន្រ្តីបានផ្ញើសារជូនពរ ទៅកាន់ប្រជាពលរដ្ឋគ្រប់រូបថា ប្រទេសខ្មែរមានសន្តិភាព ហើយសន្តិភាពនេះ អាចមានទៅបានគឺអាស្រ័យលើការយោគយល់គ្នា គោរពច្បាប់ទម្លាប់ និងផ្ដល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាល ដែលបានប្រឹងប្រែងអស់រយៈពេលជាង៤០ឆ្នាំមកនេះ បានធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍន៍មួយជំហានម្ដងៗប្រកបដោយភាពសុខដុមរមនា៕