(ព្រះវិហារ)៖ ដោយជិតដល់បុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន បានបន្តចុះពិនិត្យផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ស្ថិតនៅផ្សារឆែបក្នុងភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ រកឃើញផលិតផល មួយចំនួនហួសកាលបរិច្ឆេទ និងខូចគុណភាព ដកហូតទុកដុតកំទេចចោល។

លោកដួង មុនី ប្រធានកាំកុងត្រូលសាខាខេត្តព្រះវិហារ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការ ចុះពិនិត្យរកទំនិញខូចគុណភាព នៅក្នុងផ្សារឆែបនេះ មន្ដ្រីជំនាញ បានត្រូតពិនិត្យទៅលើផលិតផលវេចខ្ចប់ ហើយបានរកឃើញ រួមមាន៖ ទឹកដោះគោឆៅ ចំនួន ០៦យួរ, ទឹកផ្លែឈីចម្រុះ ចំនួន ០៨កេស, នំចម្រុះចំនួន ០៣កញ្ចប់, ប័រ ចំនួន ៣៧កំប៉ុង ដែលខូចគុណភាព និងហួសកាលបរិច្ឆេទ បានធ្វើកំណត់ហេតុ ដកហូតទុកដុតកំទេចចោល។

ជាមួយគ្នានោះ លោកប្រធានសាខាបានអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ចំពោះការចែកចាយ ព្រមទាំងនាំចូលទំនិញមកលក់បន្ដ៕