(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ បានជួបពិភាក្សាការងារ ជាមួយប្រតិភូខេត្តយាឡាយ ដែលដឹកនាំដោយ លោក ខូវ ង៉ុក ទន់ អនុលេខាបក្សខេត្តយាឡាយ ប្រទេសវៀតណាម ព្រមទាំងប្តេជ្ញាចិត្តផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងយុវជននៃខេត្តទាំងពីរ ជាពិសេសថ្នាក់ដឹកនាំប្រទេសទាំងពីរ និងសហការលើការស្វែងរកអដ្ឋិធាតុ របស់អតីតកងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការរំដោះប្រទេស និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។

នៅក្នុងឱកាសនោះ អភិបាលខេត្តព្រះវិហារ បានជម្រាបជូនលោកអនុប្រធានលេខាបក្សខេត្តយាឡាយ ពីការបន្តចំណងមិត្តភាព កិច្ចសហប្រតិបត្តិការកាន់តែល្អបន្ថែមទៀតរវាងខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយខេត្តយាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក ជាបន្តបន្ទាប់ប្រកបដោយភាពកក់ក្តៅ និងស្និតស្នាល។

បន្ថែមពីនេះ លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក៏ដូចប្រជាជនវៀតណាម ដែលតែងតែបន្តនូវប្រពៃណីជាមិត្តភាព និងកិច្ចសហប្រតិការល្អ រហូតមក។ លើសពីនេះទៀត លោកអភិបាលខេត្តបានបង្ហាញពីសមិទ្ធផល និងការអភិវឌ្ឍរីកចម្រើន ក៏ដូចសក្តានុពលសំខាន់របស់ខេត្តព្រះវិហារ ក្រោមការដឹកនាំ សម្តេចតេជោ ហ៊ុន សែន ជាពិសេសខេត្តតាមបណ្តោយព្រំដែន បានប្រែក្លាយជាព្រំដែនសន្តិភាពកិច្ចសហប្រតិបត្តិការល្អ។

ជាការឆ្លើយតបលោក ចូវ ង៉ុកទន់ បានថ្លែងអំណរជំនួសប្រធានលេខាបក្ស ក៏ដូចប្រជាជនខេត្តយាឡាយ ដែលលោកអភិបាលខេត្តព្រះវិហារ ទទួលស្វាគមយ៉ាងកក់ក្តៅ បំផុតដល់ប្រតិភូខេត្តយ៉ាឡាយ លើសពីនេះទៀត ខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន បានប្រែក្លាយខេត្តព្រះវិហារ ឱ្យមានការរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូធារ ជាពិសេសបានកសាងនូវព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរនាពេលកន្លងមក និងថ្ងៃអនាគត។

លោកអនុប្រធាលេខាបក្ស បានប្តេជ្ញាបន្តបង្កើនមិត្តភាព កិច្ចសហប្រតិបត្តិល្អ ជាមួយខេត្តព្រះវិហារឱ្យបានយូរអង្វែងទៅ និងសូមគាំទ្រនូវសំណូមពររបស់ លោកអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ក្នុងការបង្កើតឱ្យមានការផ្លាស់ប្តូរបទពិសោធន៍រវាងយុវជនខេត្តទាំងពីរតាម រយៈដំណើរទស្សនកិច្ចដ៏មានសារសំខាន់៕