(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ បានរៀបចំពិធីសូត្រមន្តចំរើនព្រះបរិត្តលើករាសី និងរាប់បាត្រព្រះសង្ឃចំនួន ៥៣អង្គ ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ដែលនឹងឈានចូលមកដល់នៅថ្ងៃអាទិត្យ ទី១៤ ខែមេសា ព្រមទាំងបណ្តេញគ្រោះឧបទ្រុបចង្រៃ ទាំងឡាយទាំងពួងក្នុងឆ្នាំចាស់ និងទទួលពរជ័យទេវតាឆ្នាំថ្មី ព្រះនាមទុង្សាទេវី ដែលជាបុត្រទី១ របស់កបិលមហាព្រហ្ម ដែលនឹងចូលមកឃុំគ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់ នៅថ្ងៃទី១៤មេសា ខាងមុខនេះ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះរួមជាមួយមន្ត្រីរាជការរដ្ឋបាលរាជធានីភ្នំពេញ, ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញជាច្រើននាក់។ ក្រៅពីការរួមចំណែកលើកតំកើងប្រពៃណីទំនៀមទំលាប់ជាតិ ពិធីតាមបែបសាសនានេះ ក៏បានបញ្ជាក់ឲ្យឃើញពីភាពស្និតស្នាលរបស់មន្ត្រីរាជការ និងប្រជាពលរដ្ឋក៏ដូចបង្ហាញឲ្យឃើញថា កំណើននៃអាយុជីវិតរបស់មនុស្សម្នាក់ៗចេះតែរំកិលទៅមុខឥតឈប់ឈរ ដូច្នេះទាមទារឲ្យបុគ្គលម្នាក់ៗធ្វើអំពើល្អដែលមានប្រយោជន៍សម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងសម្រាប់សង្គមឲ្យបានច្រើន។

ជាមួយគ្នានេះ ក៏ជាការជួបជុំរំលឹកឡើងវិញពីសមិទ្ធិផល និងស្នាដៃដែលមន្ត្រីរាជការក្រោម ឧិវាទរដ្ឋបាលរាជធានីភ្នំពេញរួមនឹងប្រជាពលរដ្ឋរាជធានីភ្នំពេញខិតខំសម្រេចបាន
ក្នុងឆ្នាំចាស់ ហើយបន្តការងារជាច្រើនទៀតដែលកំពុងរងចាំមនុស្សម្នាក់ៗទៅធ្វើក្នុងបុព្វហេតុអភិវឌ្ឍន៍រាជធានីភ្នំពេញ ឲ្យសម្រេចបានជោគជ័យថ្មីៗថែមទៀតក្នុងឆ្នាំថ្មី។

ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញនូវវិធានការជាច្រើនដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ, ការតុបតែងលំអរភ្លើងបំភ្លឺសាធារណៈ, ការដាក់តាំងព្រះឆាយាលក្ខណ៍ព្រះករុណាព្រះមហាក្សត្រ, ការដោតទង់ជាតិទង់ ជ្វាលាតាមអង្គភាព សាលារៀនវត្តអារាម និងតាមលំនៅដ្ឋានប្រជាពលរដ្ឋឲ្យបានអធឹកអធម សក្ត័សមទៅនឹងអត្ថន័យនៃពិធីបុណ្យជាតិ រួមទាំងការរៀបចំឲ្យមានកន្លែងកំសាន្តសប្បាយ តាមរមណីដ្ឋាននានាក្នុងរាជធានីភ្នំពេញ ក៏ដូចជាការលើកកំពស់សោភណ្ឌភាពបរិស្ថានផងដែរ។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំវត្តភ្នំសង្រ្គាន្តនៅរមណីដ្ឋានវត្តភ្នំ ដើម្បីឲ្យប្រជាពលរដ្ឋបានមកលេងកំសាន្តក្នុងរយៈពេល៣ថ្ងៃចូលឆ្នាំនេះដែរ។

ជាមោទកភាពសម្រាប់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបញ្ចេញរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញចំនួន១២០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋចេញពីភ្នំពេញ ទៅតាមបណ្តាខេត្តនានា និងពីខេត្តមកភ្នំពេញដោយឥតគិតថ្លៃរយៈពេល៧ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ មេសាខាងមុខនេះ។ ចំណែករថយន្តក្រុងទាំង ១២០គ្រឿងនេះ នឹងចាប់ផ្តើមដឹកជញ្ជូនប្រជាពលរដ្ឋពីថ្ងៃទី១២ ដល់១៨ ខែមេសា ឆ្នាំ២០១៩ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត ដោយមិនគិតថ្លៃ និងបានបែងចែកទៅតាមផ្លូវជាតិលេខ១, ផ្លូវជាតិលេខ២, ផ្លូវជាតិលេខ៣, លេខ៤, លេខ៥, លេខ៦, លេខ៧ និងផ្លូវជាតិលេខ៨ ទៅតាមគោលដៅដែលរដ្ឋបាលរាជធានីភ្នំពេញបានកំណត់រួចហើយ៕