(ភ្នំពេញ)៖ ដើម្បីជួយសំរួលដល់ជីវភាពរបស់ពលរដ្ឋដែលខ្វះខាត ក្នុងការទិញសំភារៈផ្សេងៗ ជាមធ្យមបាយដោះស្រាយជីវភាពរស់នៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) បានបង្កើតសេវាកម្មថ្មីមួយ ដែលផ្ដោតសំខាន់លើការ បង់រំលស់ម៉ូតូ និងម៉ូតូកង់បី ដោយផ្ដល់ភាពងាយស្រួល ដល់អ្នកមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជាវ។

លោក សួន ពិសី ប្រធាននាយកប្រតិបត្តិអាជីវកម្ម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ឱ្យដឹងថា «តាមរយៈការដាក់ឱ្យដំណើរការសាកល្បងសេវាបង់រំលស់នេះឃើញថា មានការគាំទ្រច្រើន ពីសំណាក់អតិថិជន។ ការដាក់ដំណើការសេវាកម្មនេះដោយសារតែ អេ អឹម ខេ ផ្តោតសំខាន់លើសេវាកម្មរហ័សទាន់ចិត្ត ជាមួយលក្ខខណ្ឌងាយៗ»។

លោកបន្ថែមថា អេ អឹម ខេ ផ្តល់សេវាបង់រំលស់សម្រាប់ការទិញម៉ូតូ ឬម៉ូតូកង់បីផ្តោតសំខាន់ ចំពោះអតិថិជនមានបំណងយកសម្ភារទំាងនេះ ទៅបង្កើតប្រាក់ចំណូលក្នុងគ្រួសារ ដូចជាការរត់ម៉ូតូឌុប ឬរត់ម៉ូតូកង់បី ឬប្រើប្រាស់នៅក្នុងអាជីវកម្មផ្សេងៗទៀត ដែលអាចបង្កើនប្រាក់ចំណូលបាន។ ដូច្នេះ អេ អឹម ខេ បានព្យាយាមបង្កើតលក្ខខណ្ឌងាយៗ និងកំណត់អត្រាការប្រាក់សមរម្យ និងមានតម្លាភាព ដើម្បីឱ្យអថិជនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការសាកល្បងសេវាបង់រំលស់ក៏ដូចជា ជួយជ្រោមជ្រែងផែនការបង្កើនប្រាក់ចំណូលពួកគេ។

លោកបញ្ជាក់ថា ដើម្បីសម្រួលដល់អតិថិជនក្នុងការប្រើប្រាស់សេវាបង់រំលស់ អេ អឹម ខេ មានដៃគូពាណិជ្ជកម្មជាច្រើនកន្លែង ដែលអាចឱ្យអតិថិជនជ្រើសរើសម៉ូតូ ឬកង់បី ដែលខ្លួនពេញចិត្តបានជាមួយសេវាបង់រំលស់ រហូតដល់ទឹកប្រាក់ចំនួន៥,០០០ដុល្លារ និងរយៈពេលបង់រំលស់រហូតដល់៣ឆ្នាំ។

លោកបន្ថែមថា សេវាបង់រំលស់ អេ អឹម ខេ ត្រូវបានដាក់ឱ្យដំណើរការសាកល្បង តំាងពីដើមខែមីនាឆ្នាំ២០១៩ ដោយមានការគាំទ្រច្រើនពីអតិថិជនព្រោះ អេ អឹម ខេ ផ្តល់ភាពងាយស្រួល សេវាកម្មរហ័សទាន់ចិត្ត ផ្តល់លក្ខខណ្ឌងាយៗ ជាពិសេសមិនត្រូវការអ្នកធានា និងទ្រព្យបញ្ចាំ និងអត្រាការប្រាក់មានតម្លាភាព។ ដោយមើលឃើញពី ការគាំទ្រច្រើនរបស់អតិថិជនទើប អេ អឹម ខេ ដាក់ឱ្យប្រើប្រាស់សេវាបង់រំលស់ជាផ្លូវការចាប់ពីខែមេសា ឆ្នាំ២០១៩ នេះទៅ។

សូមបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ជាគ្រឹះស្ថានឈានមុខគេលើ វិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី ហើយគិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៩ អេ អឹម ខេ មានអតិថិជនសរុបចំនួនជាង៧០ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជិត ២៦០លានដុល្លារអាមេរិក និងប្រាក់បញ្ញើជាង១៦៥លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន១៤៩កន្លែង និងមានភ្នាក់ងារជិត៤,០០០កន្លែង នៅទូទាំងប្រទេស។

លើសពីនេះគ្រឹស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើន កំពុងផ្តល់ជូនអតិថិជនដូចជា៖ សេវាប្រាក់កម្ចី, ប្រាក់សន្សំ, សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស, សេវាទូទាត់វិក្កយប័ត្រ, ធានារ៉ាប់រងខ្នាតតូច, ធនាគារចល័ត, សេវាបើកប្រាក់បៀវត្សរ៍, ម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិជាដើម៕