(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ បានដាក់ចេញវិធានការ៤ចំណុចសំខាន់ៗ សម្រាប់មន្ដ្រីនគរបាលអនុវត្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដើម្បីរក្សាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសម្ដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន។

វិធានការទាំង៤ចំណុច ដែលដាក់ចេញដោយនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន សម្រាប់អនុវត្តឲ្យមានប្រសិទ្ធភាពនេះ រួមមាន៖

*ទី១៖ ការពង្រឹងវិធានការសន្ដិសុខ៖ ត្រូវខិតខំក្ដាប់ឲ្យបាននូវព័ត៌មានសន្ដិសុខនានា ដើម្បីចាត់វិធានការបង្ការ ទប់ស្កាត់ ការញុះញង់បំផុសបំផុលឲ្យមានចលាចលក្នុងពិធីបុណ្យចូលឆ្នាំថ្មី ឬក៏អាចមានការប៉ុនប៉ងបង្កសំឡេងផ្ទុះជាដើម ដើម្បីរំខានដល់បុណ្យចូលឆ្នាំ ឬបង្កអសន្ដិសុខ ប៉ះពាល់ដល់សុវត្ថិភាពប្រជាពលរដ្ឋ។

*ទី២៖ ការពង្រឹងវិធានការបង្ការ បង្ក្រាបបទល្មើស៖ ត្រូវធានាសុវត្ថិភាពឲ្យប្រជាពលរដ្ឋបានដើរកម្សាន្ដសប្បាយ នៅតាមទីវត្តអារាម ស្រុកកំណើត និងនៅតាមផ្លូវសាធារណៈ ពិសេសរម្មណីយដ្ឋាននានាដោយមានអារម្មណ៍កក់ក្ដៅ។ លើសពីនេះ មានវិធានការបង្ការ ការលួច ឆក់ នៅតាមផ្លូវសាធារណៈ និងពិនិត្យតាមភូមិដ្ឋាន ដើម្បីបង្ការក្រែងមានចោរកម្មកើតឡើង។

*ទី៣៖ ការពង្រឹងសុវត្ថិភាព សណ្ដាប់ធ្នាប់ និងចរាចរណ៍៖ ត្រូវពង្រឹងវិធានការអនុវត្តច្បាប់ចរាចរណ៍ ពិសេសការត្រួតពិនិត្យពីដើមទី, ការណែនាំអប់រំ អ្នកបើកបរជៀសវាងការដឹកមនុស្សលើសចំណុះ ដឹកទំនិញសំពីងសំពោង, ពង្រឹងការពិនិត្យល្បឿន, ពិនិត្យអ្នកបើកបរក្រែងមានស្ថានភាពស្រវឹង និងការងារមួយចំនួនទៀត ពាកព័ន្ធការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដជាដើម។

លើសពីនេះ ត្រូវបន្ថែមកម្លាំងនៅលើផ្លូវសំខាន់ៗ ​ទីប្រជុំជន ទីកម្សាន្ដសប្បាយរបស់ប្រជាពលរដ្ឋ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងជួយរំដោះលំហូរចរាចរណ៍ កុំឲ្យមានការកកស្ទះ។ មួយទៀត ការងារបង្ការ និងពន្លត់អគ្គិភ័យ ត្រូវជំរុញការចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ មុនចាកចេញពីផ្ទះសំបែង ត្រូវពិនិត្យមើលចរន្ដអគ្គិសនី ទាន ភ្លើងធូកជាដើម។

ករណីបង្ការ និងពន្លត់អគ្គិភ័យ កម្លាំងសមត្ថកិច្ចជំនាញត្រូវត្រៀមលក្ខណៈ២៤ម៉ោងលើ២៤ម៉ោង ​ដើម្បីចេញអន្ដរាគមន៍សង្គ្រោះដល់ប្រជាពលរដ្ឋ នៅពេលមានបញ្ហាអ្វីកើតឡើង តែទោះជាយ៉ាងណា ការចេញអន្ដរាគមន៍សង្គ្រោះ មិនល្អដូចប្រជាពលរដ្ឋបង្ការទប់ស្កាត់ដោយខ្លួនឯងនោះឡើយ។

*ទី៤៖ ត្រៀមកម្លាំងអន្ដរាគមន៍៖ នៅគ្រប់បណ្ដាស្នងការដ្ឋានរាជធានី-ខេត្តទាំងអស់ ត្រូវពង្រឹងការងារប្រចាំបញ្ជា ដោយត្រូវមានបញ្ជាការផ្លាស់វេនគ្នា ដើម្បីចេញអន្ដរាគមន៍ទាន់ពេល ធានាសន្ដិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។

ក្រៅពីវិធានការទាំងអស់នេះហើយនោះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងដោយ​សង្កត់ធ្ងន់ក្នុងកិច្ចប្រជុំនេះ ការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ គឺជាកាតព្វកិច្ចដែលមិនអាចខ្វះខាតរបស់កម្លាំងនគរបាល និងសមត្ថកិច្ចដែលពាក់ព័ន្ធ ពោលត្រូវអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងដោយយកចិត្តទុកដាក់ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ៕​