(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជាមួយ នាយទាហានជាន់ខ្ពស់ជាច្រេីនរូបទៀតនៃក្រសួងការពារជាតិ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខជាមួយ នាយទាហាន នាយទាហានរង និង ពលទាហាន នៃកងពលតូចដឹកជញ្ជូនលេខ៩៩ ដែលមានមូលដ្ឋានស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានបង្ហាញសមិទ្ធផលការងារមួយចំនួនដែលកងទ័ពនៃកងពលដឹកជញ្ជូនលេខ៩៩ បានបំពេញដើម្បីជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។ បើតាមលោក ហ៊ុល សំអុន ក្នុងឆ្នាំ២០១៨កន្លងទៅ កន្លងមកកងពលតូចលេខ៩៩ បានដឹកជញ្ជូនក្រុមយុវជនស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាននៅខេត្តសៀមរាប ដឹកទ័ពជ្រើសរើសថ្មីបំពេញក្របខណ្ឌឲ្យកងពលតូចលេខ១២៨ ព្រមទាំងបញ្ជូនរថយន្ត GMC ចំនួន៩គ្រឿងដែលជួសជុលរួចប្រគល់ជូនកងពលតូចលេខ១២៨ផងដែរ។

ដោយឡែកនៅឆ្នាំ២០១៩ បានដឹកក្រុមការងារភាគីខ្មែរ-ចិន គូសវាស់ផែនទីលើភូមិសាស្ត្រជាក់ស្តែង តាមបណ្តាខេត្តមួយចំនួន ហើយនៅពេលថ្មីៗនេះផងដែរ បានចូលរួមដឹកនាយទាហាន នាយទាហានរង ពលទាហាន កងទ័ពរំដោះប្រជាជនចិន និងកម្លាំងតាមបណ្តាផែន ចូលរួមហ្វឹកហ្វឺនលំហាត់មិត្តភាពរួមគ្នា នាគមាស២០១៨ នៅភ្នំម្រះព្រៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាគមាស២០១៩ នៅស្រុកជំគិរី ខេត្តកំពត ដោយជោគជ័យ។

ក្លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បន្តឱ្យដឹងថា ក្រៅពីភារកិច្ចធំៗ កងពលតូចលេខ៩៩ បានចូលរួមដឹកសម្ភារ:បរិក្ខា សម្ភារៈសឹក ដឹកកម្លាំងកងរាជអាវុធហត្ថ ដឹកកម្លាំងតាមបណ្តាកងឯកភាពនានា ពិសេសក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះជួយព្យាបាលប្រជាពលរដ្ឋតាមបណ្តាខេត្តនានា ពិសេសតំបន់ដាច់ស្រយាល ហើយកងពលក៏បានត្រៀមរថយន្តជាស្រេច ដើម្បីចូលរួមជួយសង្គ្រោះក្នុងគ្រោះមហន្តរាយនានា បណ្តាលមកពីធាតុអាកាសរាំងស្ងួត ដែលអាចកើតឡើងជាយថាហេតុ ជាពិសេសនោះគឺគ្រោះរាំងស្ងួត។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ បាននាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះកងពលតូចដឹកជញ្ជូនលេខ៩៩ ទាំងអស់ ដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុក្ខ ដាក់គិតគូរ ចំពោះបងប្អូនកងទ័ពទាំងការហូបចុកស្នាក់នៅ និងការថែទាំសុខភាពរបស់បងប្អូន។

នាយឧត្តមសេនីយ៍ ក៏បានជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ នឹងឈានមកដល់នាពេលខាងមុខនេះ សូមទេវតាឆ្នាំថ្មី ដែលមានព្រះនាម ធុង្ស:ទេវី ជួយតាមបីបាច់ថែរក្សាដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ជួបសេចក្តីសុខ សេចក្តីចម្រេីន ទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡេីយ។ នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មុឹង សំផង នាំយកនូវអំណោយជាគ្រឿងឧបភោគ បរិភោគ សំភារៈ និងថវិកាមួយចំនួនធំទៅចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះកងពលតូចដឹកជញ្ជូនលេខ៩៩ផងដែរ៕