(ត្បូងឃ្មុំ)៖ លោក ប្រាជ្ញ ចន្ទ សមាជិកគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រកាសតែងតាំងលោក កេង ប៊ុណ្ណា តែងតាំងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ និងលោក សេង សុខខឿន ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនស្រុកត្បូងឃ្មុំ។

ក្នុងឱកាសនោះលោក ប្រាជ្ញ ចន្ទ បានណែនាំឱ្យលោក កេង ប៊ុណ្ណា និងលោក សេង សុខខឿន សហការគ្នាសាមគ្គីគ្នាជាធ្លុងមួយជាមួយសមាជិកគណបក្សប្រជាជនក្នុងស្រុកត្បូងឃ្មុំ ក៏ដូចជាទូទាំងខេត្តទាំងអស់ ដើម្បីដឹកនាំការងារគណបក្សឱ្យទទួលបានជោគជ័យជាបន្តទៀត។

ជាមួយគ្នានោះ លោកបានក្រើនរំលឹកដល់សមាជិកសមាជិកាគណបក្សប្រជាជនទូទាំងខេត្ត ត្រូវយកចិត្តទុកដាក់ក្តាប់ឱ្យជាប់រាល់គ្រប់សកម្មភាពរបស់គណបក្សប្រឆាំង ដែលមានបំណងអាក្រក់លាបពណ៌ទម្លាក់កំហុសមកលើគណបក្សប្រជាជនកម្ពុជា ដោយមានចំណាត់ការវាយបកភ្លាមៗ។

លោកក៏បានផ្តាំផ្ញើដល់សមាជិកគណបក្សប្រជាជនខេត្តត្បូងឃ្មុំគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវបន្តចុះជួយប្រជាពលរដ្ឋបំពេញរាល់តម្រូវការនានា ធ្វើយ៉ាងណាឱ្យពួកគាត់មានជីវភាពធូរធា ដើម្បីរីករាយស្រលាញ់ពេញចិត្ត បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា យកឈ្នះលើការបោះឆ្នោតយ៉ាងច្រើនលើសលុបជាបន្តទៀត៕