(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានជំរុញលើកទឹកចិត្ដដល់និស្សិតពេទ្យមូស្លីមកម្ពុជា ខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីរួមសាមគ្គីគ្នា ផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋនៅកម្ពុជា ឱ្យកាន់តែភាពល្អប្រសើរឡើង។

ការថ្លែងដូច្នេះរបស់រដ្ឋមន្ដ្រីសុខាភិបាល ក្នុងឱកាសរៀបចំកិច្ចសំណេះសំណាលជាមួយនិស្សិតសុខាភិបាល មូស្លីម នៅទីស្ដីការក្រសួងសុខាភិបាល នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ ។

លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា «យើងខ្ញុំ នឹងបន្ដលើកទឹកចិត្ដ ដល់កូនក្មួយមូស្លីម ដែលមានបំណងបន្ដការសិក្សាលើវិស័យសុខាភិបាលនេះ ។ជាពិសេស នឹងជួយដោះស្រាយបញ្ហាប្រឈមមួយចំនួន ដើម្បីផ្ដល់ភាពងាយស្រួលដល់ការសិក្សា និងប្រតិបត្ដិការការងារ ដោយឆ្ពោះទៅរកភាពល្អប្រសើរទាំងអស់គ្នា»

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «តាមរយៈការចុះពិនិត្យការងារកន្លងមកនេះ យើងឃើញថាកូនក្មួយមូស្លីមជាច្រើន បានបម្រើសេវាសុខភាព ជូនដល់បងប្អូនប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋាន ដែលនេះបង្ហាញឱ្យឃើញ ពីការសាមគ្គីភាពគ្នាទៅវិញទៅមក ដោយមិនមានការប្រកាន់ពូជសាសន៍នោះឡើយ។ នេះ គឺជាការចង់បាន និងការដាក់ចេញនូវគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាយើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី គឺសុខដុមរមនីយកម្មសាសនា គ្មានការរើសអើងពូជសាសន៍ ឬពណ៌សម្បុរនោះឡើយ។

ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាល ក៏បានផ្ដល់ឱកាសការងារស្មើគ្នា ដល់និស្សិតសុខាភិបាលមូស្លីម ដូចទៅនឹងប្រជាពលរដ្ឋទូទៅផងដែរ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋ ក៏ទទួលបាននូវសេវាពិនិត្យព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានាទូទាំងកម្ពុជា ដូចៗគ្នា។

សូមជម្រាបថា ក្នុងឱកាសសំណេះសំណាលជាមួយនិស្សិតសុខាភិបាល មូស្លីម នៅថ្ងៃនេះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានឯកភាពទៅនឹងសំណូមពរ របស់បងប្អូនមូស្លីមចំនួន៣ចំនុចផងដែរ ក្នុងការធ្វើឱ្យមានភាពល្អប្រសើរឡើង សម្រាប់ពួកគាត់នោះ ៕