(ភ្នំពេញ)៖ លោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌឫស្សីកែវ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យលោក-លោកស្រី អភិបាលរងខណ្ឌ ចៅសង្កាត់ ក្នុងនាមមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ដាច់ខាតត្រូវដាក់វេនគ្នាផ្លាស់ប្ដូរប្រចាំការជានិច្ច ដើម្បីទទួលរាល់ពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ក្នុងការចូលរួមដោះស្រាយឲ្យទាន់ពេលវេលា ទោះបីស្ថិតក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃខាងមុខនេះក៍ដោយ។

លោក ជា ពិសី បានដាក់បទបញ្ជាបែបនេះ នៅខណៈដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល ដើម្បីសមធម៌ចែកមួក អាវ និងថវិកាជូនមន្ត្រីក្រោមឱវាទ ទៅតាមតួនាទី ភារកិច្ច ចំនួនជាង២០០នាក់ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរចូលមកដល់ នាល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ។

ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនេះ លោក ជា ពិសី បានសង្កាត់ធ្ងន់ថា ចំពោះលោក-លោកស្រី អភិបាលរងខណ្ឌ ចៅសង្កាត់ ក្នុងនាមមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រៅពីអភិបាលខណ្ឌ ដែលក្ដាប់ការងាររួមមានភារកិច្ចចាំបាច់ណាស់ ក្នុងការយកចិត្តទុកដាក់ដឹកនាំកម្លាំងល្បាតតាមគោលដៅសំខាន់ៗ ដើម្បីទប់ស្កាត់ចំពោះបញ្ហាចោរកម្ម ដែលអាចកើតមានឡើង ដូចជាចោរគាស់ផ្ទះ លួច ឆក់ ប្លន់ ល្បែងស៊ីសង និងបញ្ហាគ្រឿងញៀន ក្នុងការធានាសុខសុវត្ថិភាព ជូន ប្រជាពលរដ្ឋ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ។

លោក ជា ពិសី បានសង្កាត់ធ្ងន់ទៀតថា សូមឲ្យលោក-លោកស្រី អភិបាលរងខណ្ឌ ចៅសង្កាត់ ក្នុងនាមមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ដាច់ខាតត្រូវដាក់វេនគ្នាផ្លាស់ប្ដូរប្រចាំការជានិច្ច ដើម្បីទទួលរាល់ពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ក្នុងការចូលរួមដោះស្រាយឲ្យទាន់ពេលវេលា ទោះបីស្ថិតក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃខាងមុខនេះក៍ដោយ៕