(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានរម្លឹកដល់មន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូនទាំងអស់ ត្រូវអនុវត្តតាមអនុសាសន៍១១ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីបម្រើការងារជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ឱ្យបានរីកចំរើន និងមានប្រសិទ្ធភាពខ្ពស់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើយ៉ាងដូច្នេះនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសុពលភាពថ្នាក់ដឹកនាំក្រសួង និងមន្ដ្រីរាជការ ដែលទើបទទួលបានការតែងតាំងថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលពិធីនេះក៏មានការចូលរួមពី ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន ប្រធានអង្គភាព និងមន្ដ្រីរាជការក្រសួងផងដែរ។

លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការតែងតាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការថ្មីរបស់ក្រសួងនាពេលនេះ ធ្វើឡើងដោយភាពសុក្រឹត្យតាមសមត្ថភាព និងការខិតខំប្រឹងប្រែងបំពេញការងារបម្រើប្រជាពលរដ្ឋ ក្រសួង និងប្រទេសជាតិនាពេលកន្លងមក និងដើម្បីបំពេញតាមមុខតំណែង ក្នុងរចនាសម្ព័ន្ធអង្គការលេខថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលបានការឯកភាព ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយរចនាសម្ព័ន្ធថ្មីនេះ នឹងជួយធ្វើឱ្យកំណែទម្រង់របស់ក្រសួងអាចសម្រេចបាននូវប្រសិទ្ធភាព និងតម្លាភាពក្នុងការបំពេញការងារជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។

លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងបានជំរុញលើកទឹកចិត្តដល់មន្ត្រី ដែលទើបបានតែងតាំងថ្មីទាំងអស់ ឱ្យខិតខំប្រឹងប្រែងធ្វើការងារឱ្យកាន់តែសកម្ម និងប្រកបដោយភាពទទួលខុសត្រូវនៅ តាមមុខតំណែងរបស់ខ្លួន ដើម្បីជាផលប្រយោជន៍ដល់ក្រសួង និងប្រទេសជាតិ។ លោកទេសរដ្ឋមន្ត្រី ក៏បានជំរុញឱ្យគ្រប់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្ត ផ្សព្វផ្សាយដល់មន្ត្រីរបស់ខ្លួនក្នុងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ ROAD CARE mobile app ឱ្យបានទូលំទូលាយ និងប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួន ដែលជួយរកចំណូលបន្ថែមចូលថវិកាជាតិ៕