(ភ្នំពេញ)៖ សាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានក្រើនរំលឹកដល់មន្រី្តសុខាភិបាលទូទាំងប្រទេស ត្រូវពង្រឹងនួវគុណភាព ភ្ជាប់ជាមួយនឹងបច្ចេកទេសទំនើប ដើម្បីផ្ដល់សេវាសុខភាពជូនដល់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ។

ការថ្លែងបែបនេះ របស់លោកសាស្រ្តាចារ្យ អេង ហួត អញ្ជើញក្នុងទិវាវេជ្ជសាស្រ្ត-សល្យសាស្រ្ត លើកទី២៣ និងថែទាំវេជ្ជសាស្រ្តលើកទី១០, នៅមនី្ទរពេទ្យមិត្តភាពខ្មែរ សូវៀត ព្រឹកថ្ងៃទី៩ មេសា ២០១៩។

ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យ អេង ហួត បានអំពាវនាវដល់មន្ដ្រីរាជការទាំងអស់ថា ត្រូវផ្លាស់ប្តូរឥរិយាបថ ពីទម្លាប់មិនល្អ ទៅជាអ្នកផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយសីលធម៌ថ្លៃថ្នូរ មិនរើសអើងអ្នកជំងឺ ដែលស្របនឹងសុភាសិត លើកឡើងថា «គ្រូពេទ្យ ជាមាតា មានព្រហ្មវិហារធម៌ ដ៏ល្អរបស់អ្នកជំងឺ»

លោកសាស្ដ្រាចារ្យ បានថ្លែងបន្ដថា «ការរៀបចំទិវាវេជ្ជសាស្រ្ត សល្យសាស្រ្ត និងទិវាថែទាំវេជ្ជសាស្រ្ត បានពង្រឹងការសង្រ្គោះ ការថែទាំ និងការព្យាបាលប្រកបដោយបច្ចេកទេស និងគុណធម៌ នាំមកនូវការកាត់បន្ថយអត្រាមរណៈភាពអ្នកជំងឺសួត និងជំងឺបេះដូង»។

ទិវាវេជ្ជសាស្រ្តលើកនេះ មានប្រធានបទលើកកម្ពស់ការព្យាបាលលើ ការប្រឈមនឹងវិបតិ្តស្ទះសរសៃឈាមសួត ដោយកំណកឈាម វិវឌ្ឍន៍ភាពក្នុងការព្យាបាលជំងឺគ្រាប់គ្រួស ប្រព័ន្ធផ្លូវទឹកនោម និងបច្ចុប្បន្នភាព នៃការព្យាបាលជំងឺទឹកនោមផ្អែម។

លោកសាស្ដ្រាចារ្យ អេង ហួត បន្ថែមទៀតថា ឆ្លងតាមរយៈការជួបជុំគ្នារយៈពេល២ថ្ងៃនេះ លោកគ្រូ អ្នកគ្រូពេទ្យ នឹងទទួលបាននូវបទពិសោធន៍ល្អៗ ដើម្បីយកទៅអនុវត្ត ទៅតាមអង្គភាពរៀងៗខ្លួន ដើម្បីពិនិត្យ ព្យាបាលអ្នកជំងឺឲ្យមានប្រសិទ្ធភាពខ្ពស់ រួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា។

ទន្ទឹមគ្នានោះ លោកសាស្រ្តាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានលើកឡើងថា ក្នុងឆ្នាំ២០១៩នេះ ករណីពិសេសដែលមនី្ទរពេទ្យបានរៀបចំទិវា ដោយប្រមូលផ្តុំប្រធានបទដ៏ល្អៗពីវាគ្មិនថ្នាក់ជាតិ អន្តរជាតិ ដោយគ្របដណ្តប់ លើគ្រប់ជំនាញទាំងអស់ ដែលមានប្រធានបទទាំងអស់សរុបចំនួនជាង៤០ប្រធានបទ។

ហើយមន្ដ្រីសុខាភិបាលយើងទាំងអស់ នឹងខិតខំប្រឹងប្រែង ពង្រឹងគុណភាពសេវាប្រកបដោយបច្ចេកវិទ្យាទំនើប ដើម្បីផ្ដល់ប្រសិទ្ធិភាពខ្ពស់ក្នុងការព្យាបាល ជូនប្រជាពលរដ្ឋ។

លោកសាស្រ្តាចារ្យ បានបញ្ជាក់បន្ថែមថា ក្នុងឆ្នាំ២០១៨ កន្លងមកនេះ មន្ទីរពេទ្យមិត្ដភាពខ្មែរ- សូវៀត បានផ្ដល់សេវាពិគ្រោះជំងឺក្រៅជូនប្រជាពលរដ្ឋ មានចំនួន៣៨៤,៣០៩នាក់ និងសម្រាកព្យាបាលមានចំនួន៤០,៨០៦នាក់ សរុបទាំងអស់ចំនួន៤២៥,១១៥នាក់៕