(ព្រះវិហារ)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យគុណភាព ទំនិញវេចខ្ចប់ស្រេច តាមផ្ទះលក់ទំនិញនានា នៅផ្សារភ្នំដែក ក្នងភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ រកឃើញផលិតផលខូចគុណភាពចំនួន៧មុខ យកទៅដុតកម្ទេចចោល។

លោកដួង មុនី ប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ក្រុមការងារ បានរកឃើញទំនិញហួសកាលបរិច្ឆេទ ចំនួន៧មុខរួមមាន៖

ទី១៖ ទឹកក្រូចចម្រុះ ចំនួន១៥ដបធំ, ១៨យួរ ស្មើ៨២.៨លីត្រ
ទី២៖ ទឹកដោះគោជូរ ចំនួន០៤ប្រអប់ ស្មើ០.៧២លីត្រ
ទី៣៖ ទឹកផ្លែឈីចម្រុះ ចំនួន៤៣ដប ស្មើ១១.៤៤លីត្រ
ទី៤៖ នំចម្រុះ ចំនួន០៩កញ្ចប់ ស្មើ៤.១៥២គីឡូក្រាម
ទី៥៖ ដំណាបចេក ចំនួន២០កញ្ចប់ ស្មើ០.៤គីឡូក្រាម
ទី៦៖ មីម៉ាម៉ា ចំនួន ១៩៥កញ្ចប់ ស្មើ១៧.៧០គីឡូក្រាម
ទី៧៖ ចាហួយដូង ចំនួន០៨កេស ស្មើ៤៨គីឡូក្រាម។ ក្រុមការងារបានធ្វើកំណត់ហេតុដកហូត ទុកដុតកំទេចចោល។

លោក ដួង មុនី ក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរ ទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ឲ្យបានហ្មត់ចត់មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ និងទិញទំនិញម្ហូបអាហារ ទទួលទានដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕