(ភ្នំពេញ)៖ ប្រតិភូគណបក្ស យុវជនកម្ពុជា ដឹកនាំដោយលោក ពេជ្រ ស្រស់ បានជួបពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាន នាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ជុំវិញ ការស្វែងរកយន្តការទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍ នៅ កម្ពុជា ជាពិសេស នៅថ្ងៃបុណ្យជាតិធំៗ ដោយ បានបញ្ចប់ ក្នុងស្មារតីរួមគ្នា ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ។

នៅក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ ភាគីទាំង២ បានយល់ គ្នា ចំពោះការរឹតបន្តឹងច្បាប់ចរាចរណ៍ និងការផ្សព្វផ្សាយនូវ គ្រឿងស្រវឹងយ៉ាងអនាធិបតេយ្យ។

ដោយឡែក លោក ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក៏បានស្នើមកក្រុម គណបក្ស ឲ្យជួយពន្លឿនច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ដែលផ្តួចផ្តើមឡើង ពីក្រសួងសុខាភិបាល ដោយច្បាប់នេះនៅជាប់គាំង មិនទាន់ចេញរួចនៅឡើយទេ។ ក្រៅពីការពន្លឿននូវ ច្បាប់គ្រប់គ្រងគ្រឿងស្រវឹង លោកបានស្នើ ឲ្យ ជួយជំរុញដល់ក្រសួងអប់រំ ដាក់មុខវិជ្ជាចរាចរណ៍ ជាកម្មវិធីសិក្សាឲ្យបានពេញលេញ ដើម្បី ឲ្យយុវជនយល់ដឹងអំពី ច្បាប់ចរាចរណ៍ ពីថ្នាក់បឋម រហូតដល់ថ្នាក់ឧត្តម និងបញ្ចូល វិញ្ញាសារមេរៀនចរាចរណ៍ ការប្រលងថ្នាក់ទី១២ ផងដែរ។

ចំពោះភាគីប្រតិភូគណបក្ស យុវជនកម្ពុជា ក៏បានស្នើ ដល់ភាគី លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា នូវការ ការពារគ្រោះថ្នាក់ចរាចរណ៍ នៅអំឡុងពេលបុណ្យចូលឆ្នាំ ខាងមុខនេះ មាន ០៣ ចំណុចនៅខាងក្រោមនេះផងដែរ៖

*ទី១៖ រដ្ឋាភិបាល ត្រូវបញ្ចេញកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដែលដឹកនាំដោយនគរបាលចរាចរណ៍ ដើម្បីពង្រា យតាមផ្លូវជាតិសំខាន់ៗ ហើយដាក់គោលដៅ ត្រួតពិនិត្យ ៣០គីឡូម៉ែតដាក់សមត្ថកិច្ចមួយ ក្រុម ក្នុងគោលបំណង រឹតបន្តឹងការបើកបរហួសល្បឿនកំណត់ និង ការត្រួត ពិនិត្យការផឹកគ្រឿងស្រវឹង ហួសកម្រិតជាតិអាកុល ។

*ទី២៖ ពង្រាយសមត្ថកិច្ចតាមភូមិ ឃុំ ដើម្បីត្រួតពិនិត្យជនផឹក ស្រាស្រវឹងហួសកំណត់ គឺក្នុងគោលបំណងមិនឲ្យជន ស្រវឹងស្រានោះ ប្រើប្រាស់យានយន្ត ឬ ធ្វើដំណើរ ។ ចំពោះកងកម្លាំង គឺមួយឃុំប្រើ ៤ ទៅ ៥ នាក់ ដើម្បីជិះ ល្បាត ទប់ស្កាត់អ្នកស្រវឹងជិះយានយន្តទៅផ្លូវធំ។

*ទី៣៖ រដ្ឋាភិបាលកម្ពុជា ត្រូវឆ្លៀតឱកាសផ្សព្វផ្សាយអំពីច្បាប់ ចរាចរណ៍ និងការគ្រោះថ្នាក់ចរាចរណ៍ដល់ពលរដ្ឋខ្មែរ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ដោយបង្កើតនូវក្រុម សមត្ថកិច្ចចុះអប់រំដល់មូលដ្ឋាន និងតាមដងផ្លូវសំខាន់ៗ ដែលពលរដ្ឋខ្មែរធ្វើដំណើរទៅលេងស្រុក ឬ កន្លែងកម្សាន្ដ។

លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា ចំពោះ ចំណុចទាំង៣ខាងលើនេះ គឺភាគីខាងលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក៏ បានទទួលយក និងសម្រេចធ្វើសាកល្បង នៅអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះផងដែរ ដើម្បី ការពារអាយុជីវិតពលរដ្ឋខ្មែរ៕