(ភ្នំពេញ)៖ ក្រោយទទួលបានបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ អាជ្ញាធរខណ្ឌឫស្សីកែវ ក្រោមដឹកនាំរបស់លោក ជា ពិសី អភិបាលខណ្ឌ បានសម្រេចឲ្យសមត្ថកិច្ចយកគ្រឿងចក្រទៅឈូសឆាយ និងរុះរើសំណង់ដែលបានសាងសង់រំលោភយកដីអភិវឌ្ឍន៍ នៅខណ្ឌឫស្សីកែវ។

ភ្នាក់ងារ Fresh News ប្រចាំខណ្ឌឫស្សីកែវ បានរាយការណ៍ថា ប្រតិបត្តិការនៅព្រឹកនេះ អាជ្ញាធរបានសម្រេចរុះរើទាំងស្រុងនូវរោងប្រកស័ង្កសី ចំនួន១១រោង ដែលបានលួចសាងសង់ដោយ ខុសច្បាប់ ក្នុងន័យរំលោភយកដីអភិវឌ្ឍឫស្សីកែវ ស្ថិតក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩។

រដ្ឋបាលខណ្ឌឫស្សីកែវ បានអះអាងថា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ដែលមានដីធ្លីក្នុងមូលដ្ឋាន ខណ្ឌឫស្សីកែវ និយាយដោយឡែក និងនិយាយជារួម ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ក៏ដូចជា ទប់ស្កាត់កុំឲ្យចលនានេះកាន់តែរីករាលដាល ក្លាយជាចលនាអនាធិបតេយ្យក្នុងការទន្ទ្រាន ដីរដ្ឋ និងដីឯកជន នោះ រដ្ឋបាលខណ្ឌឫស្សីកែវ គ្មានជម្រើសអ្វីក្រៅពីការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ ដើម្បីរក្សាបាននូវសណ្តាប់ សាធារណៈសង្គម ក៏ដូចជា ការពារផលប្រយោជន៍សាធារណៈ និងផលប្រយោជន៍ឯកជនរបស់ប្រជាពលរដ្ឋទូទាំង រាជធានីភ្នំពេញ។

ក្រៅពីវិធានការខាងលើនេះ រដ្ឋបាលខណ្ឌ នឹងចាត់វិធានការច្បាប់បន្ថែមទៀតចំពោះ ជនរឹងរូស និងមិនរាងចាល ប្រព្រឹត្តអំពើខុសច្បាប់ បង្កចលនាធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ សាធារណៈ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន៕