(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ឆ្នាំ២០១៨ របស់គណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញា និងបានស្នើសុំសមាជិកទាំងអស់ នៃគណៈកម្មាធិការជាតិមួយនេះ បន្តខិតខំជំរុញការអនុវត្តច្បាប់កម្មសិទិ្ធបញ្ញា និងច្បាប់ ពាក់ព័ន្ធវិស័យកម្មសិទ្ធិបញ្ញា ឲ្យបានខ្លាំងក្លាថែមទៀត ដើម្បីជាកម្លាំងចលករសម្រាប់អភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចកម្ពុជា។

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទិ្ធបញ្ញា លើកទី៩ ដែលរៀបចំឡើង នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ លោក ប៉ាន សូរស័ក្តិ បានសម្តែងការកោតសរសើរចំពោះក្រសួងទាំង ១៤ ដែលជាសមាជិកគណៈកម្មាធិការជាតិ ដែលបានប្រឹងប្រែងសហការអនុវត្តន៍ វិស័យកម្មសិទ្ធិបញ្ញាជាតិ រហូតទទួលបានលទ្ធផលជាទីគាប់ប្រសើរ និងបានដាក់ចេញទិសដៅផែនការ ដើម្បីអនុវត្តន៍នៅក្នុង២០១៩ ដោយជោគជ័យ។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណសមាជិកទាំងអស់ ដែលបានផ្តល់ធាតុចូលសំខាន់ៗ ដល់ក្រសួងពាណិជ្ជកម្ម ដែលជាប្រធានគណៈកម្មាធិការជាតិ ដើម្បីចងក្រងរបាយការណ៍ជូន សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានកត់សម្គាល់ពីកិច្ចប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានបញ្ជ្រាប និងបញ្ចូលមុខវិជ្ជាកម្មសិទិ្ធបញ្ញា ទៅក្នុងកម្មវិធីសិក្សាថ្នាក់វិទ្យាល័យ និងឧត្តមសិក្សា ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស សំដៅបម្រើការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា។

សូមជម្រាបថា កិច្ចប្រជុំថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖

ទី១៖ បូកសរុបរបាយកាណ៍ស្តីពីលទ្ធផលការងាររបស់គណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញា ឆ្នាំ២០១៨
ទី២៖ ពិនិត្យមើលបញ្ហាប្រឈមដែលបានអនុវត្តកន្លងមក
ទី៣៖ កំណត់ទិសដៅការងារឆ្នាំ២០១៩ ដើម្បីកៀងគរជំនួយពីដៃគូអភិវឌ្ឍនានា
និងទី៤៖ អនុម័តលើរបាយការណ៍បូកសរុបលទ្ធផល និងទិសដៅការងារ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាល សំដៅសុំអនុសាសន៍ណែនាំបន្ថែម៕