(សីហនុ)៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C, SPEED BOAD CAMBODIA) និងជាប្រធានសមាគមទូកទេសចរណ៍ប្រចាំខេត្តព្រះសីហនុ បានប្រកាសស្វាគន៍ និងបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ចេញទៅទស្សនាកម្សាន្តនៅតាមកោះ សម្រាប់ «សង្ក្រាន សមុទ្រ» នៅខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ឱ្យបានច្រើនកុះករ។

លោកឧកញ៉ា ទៀ វិចិត្រ បានបន្តថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិខ្មែរ ដែលនឹងចូលមកដល់នៅពាក់កណ្តាល ខែមេសាខាងមុខនេះ ខាងវិស័យឯកជន ដែលបើកបំរើសេវាដឹកជញ្ជូន ភ្ញៀវចេញទៅម្សាន្ត តាមបណ្ដាកោះមួយចំនួន នាខេត្តព្រះសីហនុ គឺបានត្រៀមលក្ខណៈរួច ជាស្រេច រង់ចាំបំរើតាមសេចក្តីត្រូវការ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកឧកញ៉ា ទៀ វិចិត្រ បានបន្តថា សង្ក្រានសមុទ្រឆ្នាំនេះ ខាងក្រុមហ៊ុនកប៉ាល់ ឬទូកដឹកភ្ញៀវទេសចរទាំងអស់នៅខេត្តព្រះសីហនុ បានត្រៀមផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដែលមានបំណងចេញទៅទស្សនាតាមបណ្តាកោះនានា ដោយការទទួលខុសត្រូវខ្ពស់។ ដូច្នេះ ជាការបង្ហាញទំនុកចិត្តដល់ភ្ញៀវទេសចរថារាល់ថ្ងៃនេះ សេវាដឹកជញ្ជូនចេញពីផែទូកទេសចរណ៍ ខេត្តព្រះសីហនុ ឆ្ពោះទៅកាន់បណ្តាកោះនានា គឺបានផ្តោតជាសំខាន់ទៅលើសុវត្ថិភាព របស់ភ្ញៀវទេសចរចម្រុះជាតិសាសន៍ ក៏ដូចជាប្រជាពលរដ្ឋគ្រប់ៗរូបជាចម្បង។

លោកឧកញ៉ាបានអះអាងថា សេវាដឹកជញ្ជូននេះ គឺនៅគ្រប់កប៉ាល់ ឬទូកដឹកភ្ញៀវទេសចរទាំងអស់នាខេត្តព្រះសីហនុ បានបំពាក់នូវឧបករណ៍ សម្រាប់ជួយសង្គ្រោះបន្ទាន់ ពេលជួបគ្រោះអាសន្នណាមួយ ដែលអាចនឹងកើតមានឡើងនៅលើលំហសមុទ្រ។ លោកថា មធ្យោបាយដឹកជញ្ជូននីមួយៗ គឺបានបំពាក់អាវពោងការពារ និងការកំណត់ចំនួនភ្ញៀវដែលជិះនៅលើទូក ឬកប៉ាល់ដឹកភ្ញៀវនីមួយៗ មិនឱ្យលើសចំនួនជាដើម ជាពិសេសអ្នកបើកបរកប៉ាល់ឬទូកដឹកភ្ញៀវនីមួយៗ មានបទពិសោធខ្ពស់ក្នុងជំនាញបើកបរនៅលើលំហសមុទ្រ យ៉ាងស្ទាត់ជំនាញថែមទៀតផង។

លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានក្រុមមនុស្សធ៌មអូរបី (O3) និងជាម្ចាស់ «ម៉ាហ្វីយ៉ារីស្សត» មានទីតាំងនៅឆ្នេរភ្លោះកោះឋានសួគ៌ នៅសង្កាត់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ ផងដែរនោះ បញ្ជាក់ថាបច្ចុប្បន្នភាព នៃគោលដៅទេសចរណ៍នៅតាមបណ្តាកោះមួយចំនួន នាខេត្តព្រះសីហនុ គឺមានការអភិវឌ្ឍប្រកបដោយសោភ័ណភាព អនាម័យ និងមានបរិស្ថានល្អ គួរជាទីគយគន់មុនចេះជិនណាយ ពីសំណាក់ភ្ញៀវទេសចរនៅគ្រប់រដូវកាល។

ត្រង់ចំណុចនេះលោកឧកញ៉ា ទៀ វិចិត្រ បញ្ជាក់ថា រាល់ថ្ងៃនេះប្រតិបត្តិករ ឬវិស័យឯកជនបើកបម្រើសេវាលើវិស័យទេសចរណ៍ នៅតាមបណ្តាកោះមួយចំនួន គឺពួកគេបានរៀបចំតុបតែងទីកន្លែងរៀងៗ ខ្លួនមានបរិស្ថានអនាម័យ និងមានសោភ័ណភាពល្អ និងរក្សាសុវត្ថិភាពសន្តិសុខ ជូនភ្ញៀវទេសចរមានការទទួលខុសត្រូវខ្ពស់ ព្រោះបានសហការ ជាមួយកម្លាំងអាជ្ញាធរមានសមត្ថកិច្ចចម្រុះ នៅតាមមូលដ្ឋាននីមួយៗជាប្រចាំ។

លោកឧកញ៉ា ទៀ វិចិត្រ បានលើកយកឆ្នេរកម្សាន្តមួយ ដែលមានឈ្មោះថា «កោះឋានសួគ៌ ឆ្នេរភ្លោះកោះរ៉ុង» ស្ថិតក្នុងសង្កាត់កោះរ៉ុង មកបញ្ជាក់ថា ឆ្នេរនេះ ត្រូវបានស្ថាបនិក ឬប្រតិបត្តិករទេសចរដែលរួមគ្នាអភិវឌ្ឍឆ្នេរកម្សាម្តខាងលើនេះ បានបង្កើតឱ្យមានបឹងហ្គាឡូ ឬទីកន្លែងស្នាក់នៅ ឬសម្រាកលំហែមានឈ្មោះថា «ម៉ាហ្វីយ៉ារីស្សត» ដែលមានអនាម័យ សោភ័ណភាពស្រស់ស្អាតស្ងប់ស្ងាត់ តាមបែបធម្មជាតិពិតៗ រង់ចាំបម្រើសេវាស្នាក់នៅ និងបម្រើសេវាម្ហូបអាហារជូនភ្ញៀវទេសចរ ដ៏សម្បូរបែបមានរស់ជាតិឆ្ងាញ់ពិសារ មានអនាម័យ និងមានតម្លៃសមរម្យថែមទៀតផង។

លោកឧកញ៉ា ទៀ វិចិត្រ បញ្ជាក់ថា បច្ចុប្បន្នភាព នៃឆ្នេរកោះឋានសួគ៌ ឆ្នេរភ្លោះកោះរ៉ុង គឺមានបំរើទាំងចំណីអាហារ និងកន្លែងស្នាក់នៅ ជូនដល់ភ្ញៀវទេសចរ ដោយឡែក «ម៉ាហ្វីយ៉ារីស្សត» ក៏មានបំរើនូវឧបករណ៍កម្សាន្តជាច្រើនប្រភេទទៀត សម្រាប់ផ្តល់ជម្រើសសប្បាយរីករាយ ជូនភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរមកដល់កោះនេះ។

ទាក់ទិនបញ្ហានេះដែរ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា តំបន់ទេសចរណ៍នៅតាមបណ្តាកោះមួយចំនួន នាមូលដ្ឋាននេះ ជាពិសេសឆ្នេរកម្សាន្ត នៅលើកោះរ៉ុងសន្លឹម និងកោះរ៉ុង គឺជាគោលដៅទេសចរណ៍ ដ៏សំខាន់ និងមានភាពទាក់ទាញបំផុត ក្នុងចំណោមគោលដៅ ទេសចរណ៍សំខាន់ៗជាច្រើនទៀតនាខេត្តព្រះសីហនុ។ លោក ក៏បានទទួលស្គាល់ថា តាមរយៈការចូលរួមរបស់វិស័យឯកជនរួមមាន៖ បើកបំរើសេវាចំណីអាហារ សេវាដឹកជញ្ជូន និងសេវាស្នាក់នៅ ព្រមទាំង បំរើលើវិស័យទេសចរណ៍ផ្សេងៗទៀត គឺបានចូលរួមចំណែកយ៉ាងច្រើន ដល់សកម្មភាពជួយជំរុញឱ្យវិស័យទេសចរណ៍នាខេត្តព្រះសីហនុ កាន់តែមានសន្ទុះរីកចម្រើនជាបន្តបន្ទាប់ ឬរីកចំរើនពីមួយឆ្នាំទៅមួយឆ្នាំ។

ផ្តើមពីបញ្ហានេះ តាមរយៈអង្គភាពព័ត៌មាន Fresh News លោក យន្ត មីន អភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមចូលមកទស្សនា «សង្ក្រាន្តសមុទ្រ» ដែលរដ្ឋបាលខេត្តព្រះសីហនុ បានត្រៀមចំដ៏ធំមិនធ្លាប់មានពីមុនមក ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិអ-អន្តរជាតិ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ សប្តាហ៍ខាងមុខនេះ ឱ្យបានច្រើនកុះករ ហើយទទួលយកនូវភាពសប្បាយរីករាយពី «សង្រាន្តសមុទ្រ» ខេត្តព្រះសីហនុ ឱ្យបានច្រើនតាមក្រុមគ្រួសារនីមួយៗ៕