(កំពត)៖ ក្រុមហ៊ុន ជីប ម៉ុង បាននាំបុគ្គលិកដាំដើមកោងកាងចំនួន ៣,០០០ដើម បន្តទៀត នៅសហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត កាលពីចុងសប្តាហ៍កន្លងទៅ។ នេះគឺជាលើកទីពីរហើយ ដែលក្រុមហ៊ុន ជីប ម៉ុង រៀបចំកម្មវិធីដាំដើមកោងកាងនៅសហគមន៍នេះ។

ជារៀងរាល់ឆ្នាំក្រុមហ៊ុន ជីប ម៉ុង តែងរៀបចំកម្មវិធីដាំដើមឈើ យ៉ាងហោចណាស់បួនដងនៅក្នុងមួយឆ្នាំ ទៅតាមសហគមន៍ផ្សេងៗ ហើយការរៀបចំកម្មវិធីនេះ មានគោលបំណងជំរុញឲ្យបុគ្គលិក ជីប ម៉ុង ទាំងអស់ បានចូលរួមចំណែកក្នុងការចែករំលែកត្រលប់ទៅសហគមន៍ និងដើម្បីអនុញ្ញាតឱ្យបុគ្គលិក ជីប ម៉ុង ទាំងអស់បានបង្កើនទំនាក់ទំនងមិត្តភាពរវាងគ្នា និងគ្នាផងដែរ។

កញ្ញា ស៊ីម បូរមី ជាបុគ្គលិក និងតំណាងឱ្យបុគ្គលិក ជីប ម៉ុង ដែលបានចូលរួមក្នុងកម្មវិធីដើមកោងកាងនេះ បានបង្ហាញនូវក្តីរំភើប រីករាយចំពោះការរៀបចំកម្មវិធីនេះឡើងហើយកញ្ញាបានបញ្ជាក់ថា ពួកយើងធ្វើការនៅក្រុមហ៊ុនជាមួយគ្នាមែន ប៉ុន្តែកម្រមានពេលបានជួបគ្នា ចំណែកអ្នកខ្លះសឹងតែមិន ដែលស្គាល់មុខគ្នាផង។ ដូចនេះកម្មវិធីបានអនុញ្ញាតឱ្យយើងដែលជាបុគ្គលិក ជីប ម៉ុង បានស្គាល់គ្នាបន្ថែមទៀត ដើម្បីបង្កើននឹងពង្រឹងទំនាក់ទំនាក់មិត្តភាពរវាងគ្នា និងគ្នា។ មួយវិញទៀតយើងក៏បានចូលរួមសកម្មភាពថែរក្សាបរិស្ថានធម្មជាតិ ក្នុងការដាំដើមកោងកាងផងដែរ។

បន្ថែមពីនេះក្រៅពីសកម្មភាពដាំកូនកោងកាង ៣,០០០ដើមនេះ បុគ្គលិក ជីប ម៉ុង ទាំងអស់គ្នាក៏បានចូលរួមបណ្តុះ កូនកោងកាងបាន៥០០កូនបន្ថែមទៀត ជូនដល់សហគមន៍។ បុគ្គលិកដែលចូលរួមក្នុងកម្មវិធីនេះ ក៏បានចូលរួមចំណែកដោយស្ម័គ្រចិត្ត ក្នុងការប្រមូលទិញសម្ភារៈសិក្សា និងនាំយកទឹកផ្លែឈើJoop និងនំHanami ចែកដល់ ប្អូនៗសិស្សានុសិស្សប្រមាណ ២៣០នាក់ នៅសាលាបឋមសិក្សាហ៊ុនសែនបឹងធំផងដែរ៕